ភ្នំពេញ៖ អង្គការ UN-ESCAP បានអះអាងពីការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យអាទិភាពចំនួន៤ ក្នុងគោលដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។ នេះជាការលើកឡើងរបស់លោកជំទាវ អាមីដា សាល់សៃ អាលីហ្សាបាណា អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិអង្គការ UN-ESCAP មកកាន់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២២មករានេះ។
ក្នុងជំនួបនេះ លោកជំទាវ អាមីដា ក៏បានគោរពជម្រាបជូនសម្ដេច ហ៊ុន ម៉ាណែត ដោយសង្ខេបនូវវិស័យអាទិភាពចំនួន ៤ ដែលនៅក្នុងក្របខ័ណ្ឌនៃការបន្តកិច្ចសហប្រតិបត្តិការ ដែលរួមមាន ទី១) ការផ្ដល់កិច្ចគាំពារដល់ប្រជាជនដោយឈរលើគោលការណ៍ «មិនទុកនរណាម្នាក់ចោល» និងកិច្ចការពារបរិស្ថានដោយផ្ដោតជាអាទិភាពលើការប្រែប្រួលអាកាសធាតុ។ ទី ២) ការសម្របសម្រួលនៅក្នុងការជំរុញការវិនិយោគ និងពាណិជ្ជកម្ម ដោយជំរុញការតភ្ជាប់នៃវិស័យពាណិជ្ជកម្មនៃបណ្ដាប្រទេសសមាជិកនៃអង្គការ UN-ESCAP ។ ទី៣) ការកសាង និងពង្រឹងសមត្ថភាពឌីជីថល សម្រាប់ប្រជាពលរដ្ឋ និង ទី៤)ការគាំទ្រផ្នែកហិរញ្ញវត្ថុដើម្បីរួមចំណែកសម្រេចនូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ។
ជាការឆ្លើយតប សម្តេច ហ៊ុន ម៉ាណែត បានកោតសរសើរ និងអរគុណចំពោះការប្តេជ្ញាចិត្ត នៃការបន្តកិច្ចសហប្រតិបត្តិការរបស់អង្គការ UN-ESCAP ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងជំនួបនេះដែរ សម្តេចក៏បានជម្រាបជូនលោកជំទាវថា អ្វីដែលលោកជំទាវបានលើកឡើងខាងលើ មានភាពប្រទាក់ក្រឡា និងស្របគ្នាជាមួយនឹងក្របខ័ណ្ឌគោលនយោបាយ និងក្របខ័ណ្ឌយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ជាពិសេស ការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលផ្តល់អាទិភាពលើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការកសាងភាពធន់ និងកំណើនចីរភាព សំដៅឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដើម្បីប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់៕