Cctimesw1140xh150cm copy

កម្មាការនីម្នាក់ស្លាប់និង២០នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យឆេះរោងចក្រយីដា

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កណ្ដាល៖ កម្មាការនីវ័យ៣៣ឆ្នាំម្នាក់ បានបាត់បង់ជីវិត និងកម្មករ-កម្មាការនី ២០នាក់ទៀត បានរងរបួស នៅក្នុងឧបទ្ទវហេតុអគ្គិភ័យ កាលពីថ្ងៃទី១៨ មករា វេលាម៉ោង៦:៤០នាទីព្រឹក នៅរោងចក យីដា ហ្គាមេន ស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ នៅក្នុងហេតុការណ៍នោះ ក៏មានអ្នកជួយពន្លត់ចំនួន០៤នាក់ទៀត មានបញ្ហាថប់ដង្ហើម ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យបង្អែកជ័យជំនះក្រុងតាខ្មៅ។

យោងតាមរបាយការណ៍ស្នងការរដ្ឋាននគរបាលខេត្តកណ្ដាល កម្មាការនី ឈ្មោះ សុខ ឆវី អាយុ៣៣ឆ្នាំ មានទីលំនៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីបញ្ចូនទៅដល់មន្ទីរពេទ្យ។ ខណៈ អ្នកជួយពន្លត់ចំនួន០៤នាក់ទៀត មានបញ្ហាថប់ដង្ហើម ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យបង្អែកជ័យជំនះក្រុងតាខ្មៅ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ ក្រៅពីមានកម្មាការនីម្នាក់បានបាត់បង់ជីវិត ក៏មានកម្មករនិយោជិតរងគ្រោះ សរុបចំនួន ២០នាក់។ កម្មករនិយោជិតទាំងអស់ បានទទួលការជួយសង្គ្រោះពីអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីគ្រប់អង្គភាពពាក់ព័ន្ធ នៃក្រសួងការងារ ដោយយកចិត្តទុកដាក់បំផុត។

គិតត្រឹមវេលាម៉ោង ៦:៣០នាទីល្ងាចម្សិលមិញ ជនរងគ្រោះចំនួន ១៧នាក់ បានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះ និងចំនួន ២នាក់ នៅមន្ទីរពេទ្យបង្អែកកៀនស្វាយ រីឯ ជនរងគ្រោះចំនួន ១នាក់ទៀត ដែលសម្រាកនៅមណ្ឌលសុខភាពឈើទាល មានអាការៈធូរស្រាល និងបាន វិលត្រឡប់ទៅគេហដ្ឋានវិញ។ ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារនៃសព ដើម្បី រៀបចំពិធីបុណ្យតាមប្រពៃណី។

ជាមួយគ្នានោះ ក្រសួងការងារ តាមរយៈបេឡាជាតិសន្តិសុខសង្គម សាខាខេត្តកណ្តាល បានរៀបចំវិភាជន៍បូជាសព ផ្នែកហានិភ័យការងារចំនួន ១០លានរៀល ប្រគល់ជូនគ្រួសារសព និងបន្តជួយដោះស្រាយ ទុក្ខលំបាករបស់កម្មករនិយោជិតជាជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល និងក្រុមគ្រួសារ ស្របតាមច្បាប់ស្ដីពីរបបសន្តិសុខសង្គម៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង