ភ្នំពេញ៖ ផ្សារបោះដុំអាស៊ាន-អន្តរជាតិ ឬ ផ្សារដើមគរថ្មី នឹងបើកដំណើរការនៅពេលឆាប់ៗនេះ បន្ទាប់ពីបានដំណើរការសាងសង់ នៅក្នុងឆ្នាំ២០២២។ ផ្សារដើមគរថ្មី នឹងក្លាយជាផ្សារបោះដុំផលិតផលកសិកម្មដ៏ជាងគេនៅកម្ពុជា ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក។ ផ្សារដើមគរថ្មី ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដី៣០ហិកតា ដែលស្ថិតនៅជាប់មហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
បច្ចុប្បន្នផ្សារបោះដុំអាស៊ាន-អន្តរជាតិ ឬ ផ្សារដើមគរថ្មីត្រូវបានសាងសង់រួចរាល់ក្នុងដំណាក់កាលទី១ដោយមានស្តង់លក់ដូរ ចំនួន ៦០០០ ស្តង់។ ផ្សារបោះដុំអាស៊ាន-អន្តរជាតិ នឹងដាក់ឱ្យប្រើប្រាស់នាអំឡុងពាក់កណ្តាលឆ្នាំ២០២៤។ នេះបើតាមការលើកឡើងរបស់លោក Xie Luping អគ្គនាយកផ្សារបោះដុំអាស៊ាន-អន្តរជាតិ នៅក្នុងពិធីចុះហត្ថលេខាដៃគូពាណិជ្ជកម្មសហប្រតិបត្តិការពាណិជ្ជកម្ម និងពិធីប្រគល់កូនសោជូនសហគ្រាស នាថ្ងៃទី១៨ មករា ម្សិលមិញនេះ។
លោក Xie Luping បានគូសបញ្ជាក់ថា បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ ផ្សារនេះ នឹងជួយជំរុញយ៉ាងខ្លាំងដល់ពាណិជ្ជកម្មកសិផលរវាងប្រទេសកម្ពុជា ប្រទេសចិន និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ជាមួយផលិតផលកសិកម្មដ៏សម្បូរបែប ដែលមានគុណភាព និងអនាម័យ។ ហើយការផ្ទុកទំនិញនិងការដឹកជញ្ជូនលឿននិងងាយស្រួល បរិយាកាសទិញទំនិញក៏មានភាពល្អប្រសើរ។
លោក Xie Luping បានឱ្យដឹងទៀតថា ចិននឹងធ្វើការរួមគ្នាជាមួយដៃគូពាក់ព័ន្ធ ដើម្បីនាំយកកសិផល និងទំនិញដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យដល់ប្រជាជនប្រទេសទាំងពីរ និងជំរុញឱ្យកសិផលជាច្រើនរបស់កម្ពុជា ត្រូវបាននាំចេញទៅកាន់ទីផ្សារពិភពលោក តាមរយៈ មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ។
លោក Xie Zhan ប្រធានសភាពាណិជ្ជកម្មខេត្ត គ័ងស៊ី-កម្ពុជា មានប្រសាសន៍ថា ផ្សារបោះដុំអាស៊ាន-អន្តរជាតិ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការនាំចូល និងនាំចេញកសិផល និងស្ថេរភាពនៃខ្សែរសង្វាក់ផ្គត់ផ្គង់ បង្កើនទំហំពាណិជ្ជកម្មកសិផលកម្ពុជា។ ជាពិសេស ផ្សារបោះដុំអាស៊ាន-អន្តរជាតិ នឹងរួមចំណែកដល់ការអភិវឌ្ឍទីក្រុងទំនើប តាមរយៈការរៀបចំផ្សារឱ្យមានស្ដង់ដារ ទំនិញមានគុណភាព និងតម្លៃសមរម្យ ដែលនឹងធ្វើឱ្យកម្រិតពាណិជ្ជកម្មទីផ្សារលក់ដុំដ៏ធំនៅភ្នំពេញមានភាពប្រសើរឡើង៕