សៀមរាប៖ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១៨ មករា សហការជាមួយអង្គការមរតកវប្បធម៌ខ្មែរ បើកកម្មវិធីអប់រំបេតិកភណ្ឌដល់កុមារសម្រាប់ឆ្នាំសិក្សាថ្មី ២០២៤ នៅសាលាបឋមសិក្សាវត្តលលៃ ស្ថិតនៅឃុំបាគង ស្រុកប្រាសាទបាគងខេត្តសៀមរាប។ កម្មវិធីអប់រំនេះ រៀបចំឡើងដើម្បីឱ្យកុមាររស់នៅតំបន់រមណីយដ្ឋានអង្គរយល់ពីតួនាទីរបស់ខ្លួន ក្នុងនាមអ្នកស្នងតំណក្នុងការថែរក្សា និងអភិរក្សតម្លៃអង្គរជារហូតទៅកុំឱ្យបាត់បង់។
លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ មានប្រសាសន៍ថា កម្មវិធីអប់រំបេតិកភណ្ឌ មានគោលបំណងឱ្យកូនចៅអ្នករស់នៅតំបន់រមណីយដ្ឋានអង្គរយល់ពីតួនាទីរបស់ខ្លួន ក្នុងនាមអ្នកស្នងតំណក្នុងការថែរក្សា និងអភិរក្សតម្លៃអង្គរជារហូតទៅកុំឱ្យបាត់បង់។ បន្ថែមពីនេះ ពលរដ្ឋរស់នៅតំបន់រមណីយដ្ឋានអង្គរ គួរមានមោទនភាពលើខ្លួនឯង ដែលបានកើតលើទឹកដីប្រាសាទបុរាណ ដែលអន្ដរជាតិឱ្យតម្លៃ និងត្រូវបានលើកតម្កើងខ្ពស់។
លោក អ៊ឹម សុខរិទ្ធី បានបន្ដថា ក្នុងនាមជាម្ចាស់ស្រុក ម្ចាស់តំបន់ដ៍ពិសិដ្ឋនេះ ត្រូវមានឆន្ទះប្រឹងប្រែងរៀនសូត្រ និងស្វែងយល់នូវវប្បធម៌ អារ្យធម៌របស់ខ្លួនឲ្យបានច្បាស់ ដើម្បីចូលរួមចំណែកថែរក្សាមរតកវប្បធម៌ឲ្យបានគង់វង្ស។
សូមបញ្ជាក់ថា កម្មវិធីអប់រំបេតិកភណ្ឌបាននឹងកំពុងដំណើរការនៅ២ទីតាំង មាននៅសាលាបឋមសិក្សាវត្តលលៃ និង សាលាបឋមសិក្សាក្របីរៀល។ ជាទូទៅ កម្មវិធីអប់រំបេតិកភណ្ឌមានរយៈពេល៩ខែក្នុង១ឆ្នាំ។ ចំពោះសិស្សានុសិស្សនៅសាលាបឋមសិក្សាវត្តលលៃដែលនឹងចូលរួមក្នុងកម្មវិធីអប់រំបេតិកភណ្ឌនៅពេលនេះ មានសិស្សថ្នាក់ទី៤ និងទី៥ សរុប៦៩នាក់៕