
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២០ បានអនុញ្ញាតិឲ្យ លោក LI TAO ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Union Development អភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុង ចូលជួបសំដែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាពការងារ។
នៅក្នុងជំនួបនោះ លោក LI TAO ប្រធានក្រុមប្រឹក្សាភិបាល បានរាយការណ៍អំពីវឌ្ឍនភាពការងារសាងសង់អាកាសយានដ្ឋានអន្តរជាតិបានប្រព្រឹត្តទៅតាមផែនការ និងស្នើសុំគាំទ្រពីឯកឧត្តមរដ្ឋមន្ត្រី បន្តជួយដល់គម្រោងសាងសង់បន្ថែមទៀត។
លើសពីនេះទៅទៀតលោក Li បានកោតសរសើរ ចំពោះរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលដែលបានគាំទ្រដល់គម្រោងសាងសង់កន្លងមក ហើយនៅចុងឆ្នាំនេះអាកាសយានដ្ឋានតារាសាគរនឹងបញ្ចប់ការសាងសង់នៅដំណាក់កាលទី០១ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី បានអបអរសាទរចំពោះក្រុមហ៊ុន ដែលបានបញ្ចប់ការសាងសង់តាមផែនការ និងបន្តគាំទ្រសហការជាមួយក្រុមហ៊ុន ធ្វើយ៉ាងណាឱ្យការសាងសង់បញ្ចប់ដោយជោគជ័យ ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា ជំរុញកំណើនសេដ្ឋកិច្ច និងទាក់ទាញភ្ញៀវទេសចរណ៍។

