Cctime 6monthsfree desktop
Cc times  web banner kh (2)

EUគ្រោងផ្តល់ហិរញ្ញប្បទានឥតសំណងសរុបប្រមាណ៨៦លានអឺរ៉ូជូនកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)

ភ្នំពេញ៖ EU បានគ្រោងផ្តល់ហិរញ្ញប្បទានឥតសំណងចំនួនសរុបប្រមាណ ៨៦ លានអឺរ៉ូ ជូនកម្ពុជាសម្រាប់កម្មវិធីថ្មីចំនួន៤ ក្នុងគោលដៅបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សហភាពអឺរ៉ុប ឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ ព្រមទាំងរីកចម្រើនលើគ្រប់វិស័យ។ ការផ្តល់ហិរញ្ញប្បទាននេះ គឺស្ថិតនៅក្រោមក្របខណ្ឌ Global Gateway ដែលជាយុទ្ធសាស្រ្តថ្មីគរបស់EUក្នុងគោលបំណងកៀរគរការវិនិយោគបន្ថែមសម្រាប់ប្រទេសជាដៃគូ ដើម្បីបង្កើនវិសាលភាព ប្រសិទ្ធភាពនិងប្រសិទ្ធផល នៃកិច្ចអន្តរាគមន៍របស់ខ្លួន។

លោក ឌីសម៉ាន់ អ៊ូហ្គ (Driesmans Igor) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានលើកឡើងថា នៅក្រោមយុទ្ធសាស្ត្រ Global Getway, ប្រទេសនៅក្នុងតំបន់អឺរ៉ុប និងប្រទេសជាសមាជិក EU ដែលជារួមហៅថា “Team Europe” បានបង្កើតជាគំនិតផ្តួចផ្តើម (Team Europe Initiatives - TEIs) ចំនួនពីរ ដើម្បីគាំទ្រដល់ការធ្វើសមាហរណកម្មរបស់កម្ពុជាក្នុងអាស៊ាន តាមរយៈការលើកកម្ពស់ការអភិវឌ្ឍបៃតង និងការងារសមរម្យ(Green Growth and Decent / Jobs) ដែលក្នុងនោះមាន ១) TEI 1 ផ្តោតលើចីវភាពខ្សែច្រវាក់តម្លៃកសិកម្ម (Sustainable Agriculture Value Chains) និង ២) TEI 2 ផ្តោតលើថាមពលបៃតង និង ខ្សែច្រវាក់តម្លៃឧស្សាហកម្ម (Green Energy_and_Industrial Value Chains)។ ការថ្លែងបែបនេះត្រូវបានលើកឡើងនាឱកាសពិភាក្សាការងាររវាងសហភាពអឺរ៉ុបជាមួយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី១៥មករានេះ។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានបន្តថា នៅក្រោមក្របខណ្ឌ Global Gateway, EU បានគ្រោងផ្តល់ហិរញ្ញប្បទានឥតសំណងចំនួនសរុបប្រមាណ ៨៦ លានអឺរ៉ូ ជូនកម្ពុជាសម្រាប់កម្មវិធីថ្មីចំនួន ៤ រួមមាន (១)កម្មវិធីភាពជាដៃគូរបស់កម្ពុជាសម្រាប់ប្រព័ន្ធកសិកម្ម និងអាហារប្រកបដោយចីរភាព, (២) កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុបសម្រាប់ការអនុវត្តថាមពលប្រកបដោយចីរភាពក្នុងឧស្សាហកម្មវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (៣) កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា សម្រាប់ការបណ្ដុះបណ្ដាលការអប់រំបច្ចេកទេស - ២០២៤-២០២៧ និង (៤) កម្មវិធីពាណិជ្ជកម្ម និងវិស័យឯកជន ។

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចក៏បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុបសម្រាប់ជំហរគាំទ្រកម្ពុជា ជាពិសេសក្រោមក្របខណ្ឌ Global Gateway ដែលកម្មវិធីទាំង ៤ នេះ ចូលរួមគាំទ្រដល់របៀបវារៈគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល និងសង្ឃឹមយ៉ាងមុតមាំថានឹងអាចសម្រេចបានជោគជ័យតាមផែនការដែលបានគ្រោងទុក៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង