ទីក្រុងប៉ារីស៖ ក្រុមហ៊ុន TotalEnergies គឺជាក្រុមហ៊ុនមានកិត្តិនាមល្បីល្បាញលើវិស័យប្រេង និងឧស្ម័ន នៅកម្ពុជា។ ប្រធានក្រុមហ៊ុន TotalEnergies បានបង្ហាញអំពីបំណងក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យថាមពលកកើតឡើងវិញ ខណៈបច្ចុប្បន្ន ក្រុមហ៊ុននេះកំពុងស្វែងរកឱកាសវិនិយោគលើវិស័យថាមពលកកើតឡើងវិញនៅប្រទេសសិង្ហបុរី ហើយជោគជ័យនៃគម្រោងនេះនឹងជំរុញដល់ការវិនិយោគលើថាមពលកកើតឡើងវិញនៅកម្ពុជា។ នេះជាការលើកឡើងរបស់លោក Patrick POUYANNÉ ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន TotalEnergies ក្នុងកិច្ចពិភាក្សាការងារជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។
លោក Patrick POUYANNÉ បានលើកឡើងថា ក្រុមហ៊ុន TotalEnergies គឺជាក្រុមហ៊ុនមានកិត្តិនាមល្បីល្បាញ លើវិស័យប្រេង និងឧស្ម័ន នៅព្រះរាជាណាចក្រកម្ពុជា ហើយក្រៅពីវិស័យនេះ ក្រុមហ៊ុនក៏មានអាជីវកម្មលើវិស័យថាមពល អគ្គីសនីផងដែរ។ ក្នុងន័យនេះ លោកប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន ក៏បានបង្ហាញអំពីបំណងក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យថាមពលកកើតឡើងវិញ ដោយបច្ចុប្បន្ន ក្រុមហ៊ុន TotalEnergies កំពុងស្វែងរកឱកាសវិនិយោគលើវិស័យថាមពលកកើតឡើងវិញនៅប្រទេសសិង្ហបុរី ហើយជោគជ័យនៃគម្រោងនេះនឹងជំរុញដល់ការវិនិយោគលើថាមពលកកើតឡើងវិញនៅកម្ពុជា ដែលនឹងធ្វើឱ្យកម្ពុជាកាន់តែមានជម្រើសប្រភពថាមពលបន្ថែម។
សម្ដេច ហ៊ុន ម៉ាណែត ស្វាគមន៍ចំពោះលោក Patrick POUYANNÉ និង សហការី និង បានបង្ហាញក្តីរីករាយ និងគាំទ្រចំពោះគម្រោងរបស់ក្រុមហ៊ុនក្នុងការបោះទុនវិនិយោគនៅកម្ពុជាទៅលើវិស័យថាមពលកកើតឡើងវិញ ព្រោះថាកម្ពុជាមានគោលនយោបាយច្បាស់លាស់ក្នុងការជំរុញការបង្កើតប្រភពថាមពលកកើតឡើងវិញនេះ។
នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការគាំទ្រ និងផ្ដល់កិច្ចសហប្រតិបតិ្តការ លើការវិនិយោគនៃការតភ្ជាប់បណ្តាញចរន្តអគ្គីសនី ក្រោមបាតសមុទ្រពីកម្ពុជាទៅសិង្ហបុរី និងជំរុញឱ្យក្រុមហ៊ុន បន្ដកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងរ៉ែ និង ថាមពល។
គួរបញ្ជាក់ថា ក្រុមហ៊ុនTotalEnergies បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធឈ្មោះ Total Cambodge នៅកម្ពុជា ដែលចែកចាយប្រេងឥន្ធនៈ និងប្រេងម៉ាស៊ីន ហើយកំពុងប្រតិបត្តិការចំនួន ៥៨ស្ថានីយ៍នៅរាជធានីភ្នំពេញ និងចំនួន ៤៩ផ្សេងទៀតនៅតាមបណ្តាខេត្តទាំង២៤។ ក្រុមហ៊ុន បាននិងកំពុងប្រតិបត្តិការអាជីវកម្មរោងចក្រអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៦៥មេហ្គាវ៉ាត់ នៅខេត្តបាត់ដំបង និងកំពុងពិចារណាក្នុងការវិនិយោគបន្ថែមនៅកម្ពុជា ពិសេស ក្នុងវិស័យថាមពលខ្យល់៕