ភ្នំពេញ៖ ព្រះធម្មវនវាសី ចន្ទ មុនី នៅថ្ងៃទី១៤ ខែមករា បានថ្វាយបច្ច័យកសាងចំនួន ១០,០០០ដុល្លារ បន្តការអភិវឌ្ឍន៍សាកលវិទ្យាល័យនិងបច្ច័យទិញកៅអីសិក្សាចំនួន ២,៥០០ដុល្លារ សម្រាប់ទិញកៅអីនិស្សិតអង្គុយសិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាដែលកំពុងមានការខ្វះខាត។
ក្នុងឱកាសនៃការចូលបង្គំគាល់សម្តែងការគួរសមនេះ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ បានយាងដំណើរព្រះអង្គចន្ទ មុន្នី ទស្សនកិច្ច និងមានព្រះរាជបន្ទូលសំណេះសំណាលពីវឌ្ឍនភាពរបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។
ទន្ទឹមនេះ ព្រះអង្គ ចន្ទ មុនី បានសម្តែងការកោតសរសើរ និងសាទរពីភាពជោគជ័យ ដែលកើតចេញពីការយកព្រះទ័យទុកដាក់ ខិតខំអភិវឌ្ឍរបស់សម្តេចជាអម្ចាស់ រួមទាំង មានសទ្ធាជ្រះថ្លា ថ្វាយបច្ច័យកសាងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាចំនួន១២,៥០០ ដុល្លារ។
ជាកិច្ចបញ្ចប់ សម្តេច ព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ និងថ្នាក់ដឹកនាំ បានយាង និងនិមន្ត ព្រះធម្មវនវាសី ចន្ទ មុនី ទស្សនកិច្ចតាមបន្ទប់សិក្សាថ្នាក់បណ្ឌិត ការិយាល័យ និងបណ្ណាល័យពុទ្ធិកសាកលវិទ្យាព្រះសីហមុនីរាជា និងថតរូបអនុស្សាវរីយ៍ ក្នុងបរិយាកាសយ៉ាងរីករាយ ស្និតស្នាល និងជ្រះថ្លាបំផុត៕