Cctime 6monthsfree desktop
Cc times  web banner kh (2)

វិនិយោគិនកូរ៉េចាប់អារម្មណ៍ពង្រីកសកម្មភាពវិនិយោគលើវិស័យយានយន្តនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ តំណាងក្រុមហ៊ុន Camko Infracore ជាក្រុមហ៊ុនមួយដែលធ្លាប់ទទួលបានការជោគជ័យលើការវិនិយោគនៅកម្ពុជា ថ្មីៗនេះបានបង្ហាញចំណាប់អារម្មណ៍ក្នុងការបង្កើនការឈ្វេងយល់អំពីការលើកទឹកចិត្តលើគម្រោងពង្រីកសកម្មភាពវិនិយោគនៅកម្ពុជាលើវិស័យយានយន្ត និងសកម្មភាពដែលមានសែស្រឡាយពាក់ព័ន្ធ។ ចំណាប់អារម្មណ៍នេះត្រូវបានបង្ហាញឡើងនាឱកាសពិភាក្សាការងាររវាងលោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) ជាមួយតំណាងក្រុមហ៊ុន Camko Infracore នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

នាឱកាសនេះ លោក សួន សុផល បានគូសរំលេចអំពីកញ្ចប់លើកទឹកចិត្តសម្រាប់គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ និងគម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ដែលជ្រកក្រោមរបបវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតសំខាន់លើការលើកទឹកចិត្តមូលដ្ឋាន, ការលើកទឹកចិត្តបន្ថែម, និងការលើកទឹកចិត្តពិសេស។

លើសពីនេះ លោកបានឆ្លៀតយកឱកាសបំផុសគំនិតផ្តួចផ្តើមជូនតំណាងក្រុមហ៊ុនដើម្បីពិនិត្យលទ្ធភាពរៀបចំតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ ក្នុងគោលបំណងប្រែក្លាយទីតាំងនោះទៅជាបណ្តុំកម្រងឧស្សាហកម្ម (Industrial Cluster Complex) ដែលនឹងបម្រើសេចក្តីត្រូវការរបស់សហគ្រាសដែលមានសែស្រឡាយពាក់ព័ន្ធ។

ទន្ទឹមនឹងនេះ តំណាងក្រុមហ៊ុនបានសន្យាថានឹងពាំនាំខ្លឹមសារនៃកិច្ចពិភាក្សាខាងលើទៅជម្រាបជូនថ្នាក់ដឹកនាំនៃសហគ្រាសរបស់ខ្លួនដើម្បីជ្រាបជាព័ត៌មាន និងពិនិត្យសម្រេចជាគោលការណ៍មុននឹងរៀបចំដំណើរទស្សនកិច្ចការងារមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង