សៀមរាប៖ ស្នងការនគរបាលខេត្តសៀមរាប នៅថ្ងៃទី១៣មករានេះ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធអំពើហិង្សាលើកុមារម្នាក់ដើរលក់កូនសត្វអណ្តើកចល័ត នៅបរិវេណកសិន្ធ មុខប្រាសាទអង្គរវត្ត។
នាពេលកន្លងទៅថ្មីៗនេះ ពាក់ព័ន្ធនឹងការប្រើហិង្សារបស់បុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ទៅលើយុវជនដើរលក់កូនសត្វអណ្ដើកចល័ត នៅបរិវេណកសិន្ធុមុខប្រាសាទអង្គរវត្ត ករណីនេះកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ជាបណ្តោះអាសន្ន ដើម្បីបន្តអនុវត្តនីតិវិធី ។
សូមជម្រាបថា នៅថ្ងៃទី១២មករាម្សិលមិញនេះ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីស្រាយបំភ្លឺករណីបុគ្គលិកប្រើអំពើហិង្សាមកលើកុមារាម្នាក់ ដែលយកអណ្ដើកលក់នៅកសិន្ធុប្រាសាទអង្គរវត្ត។ អាជ្ញាធរជាតិអប្សរា បានចេញមកបកស្រាយថា ស្ថាប័នខ្លួនមិនគាំទ្រចំពោះករណីប្រើហិង្សា ពេលចុះអនុវត្តការងារដូច្នេះឡើយ និងបានដាក់ពិន័យដល់បុគ្គលិកបង្កហេតុនោះឲ្យចុះកិច្ចសន្យាទទួលស្គាល់កំហុស និងបញ្ឈប់នូវរាល់សកម្មភាពហិង្សាបែបនេះ។ ដោយឡែក អាជ្ញាធរជាតិអប្សរា ក៏ណែនាំឲ្យបុគ្គលិករូបនេះ ទៅសុំទោសឪពុក ម្ដាយ និងកុមាររូបនេះ ដោយផ្ទាល់ផងដែរ៕