
ភ្នំពេញ៖រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចាត់ទុកការចុះផ្សាយរិះគន់«អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី»ពាក់ព័ន្ធសេវាបម្រើអតិថិជន គឺជាការចុះផ្សាយព័ត៌មានចរិកញុះញង់ដោយយកការសរសេររិះគន់ ឬការបញ្ចេញមតិរបស់ភ្ញៀវទេសចរប៉ុន្មាននាក់ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការគ្រប់គ្រង និងប្រតិបត្តិការរបស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(ថ្មី)ដែលតែងតែយកអតិថិជនជាធំ។
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបំភ្លឺថា ការសរសេររិះគន់អំពីការគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(ថ្មី) តាំងពី៣ទៅ៩ខែមុនមកម្លេះ ខណៈអាកាសយានដ្ឋានអន្តរជាតិនេះទើបតែសាងសង់រួច និងសម្ពោធដាក់ឱ្យប្រើប្រាស់មិនដល់២ខែ។សម្រាប់ការចោទថាបុគ្គលិកអាកាសយានដ្ឋានសុំលុយធិបពីភ្ញៀវទេសចរ ជាការចោទប្រកាន់ដែលគ្មានមូលដ្ឋាន។
បើតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងការផ្តល់ពិន្ទុ និងវាយតម្លៃ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មិនអាស្រ័យទៅលើអារម្មណ៍ និងការសន្និដ្ឋានដោយគ្មានមូលដ្ឋាននោះឡើយ គឺមានតែ ស្កាយត្រាក (Skytrax) គឺជាស្ថាប័នអន្តរជាតិ ធ្វើការវាយតម្លៃការដឹកជញ្ជូនតាមផ្លូវអាកាសឈានមុខគេ ដែលធ្វើការស្រាវជ្រាវ និងវាយតម្លៃក្រុមហ៊ុនអាកាសចរណ៍ និងអាកាសយានដ្ឋាន ដោយផ្អែកលើគុណភាពនៃសេវាកម្ម និងកិច្ចដំណើរការរបស់អាកាសយានដ្ឋានទាំងនោះ។
ចំណែកការសរសេររិះគន់អំពីក្រដាសប្រាក់ដុល្លារ ដែលយកទៅចាយមិនដាច់ (អាចជាក្រដាសប្រាក់ចាស់ ឬមានស្នាមប្រឡាក់ រហែក ) បន្ទាប់ពីទទួលលុយអាប់ក្រោយពីបង់ថ្លៃតាក់ស៊ី ករណីនេះគឺមិនមានការពាក់ព័ន្ធ ឬស្ថិតនៅក្នុងយុត្តាធិការរបស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរឡើយ។
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានសង្កត់ធ្ងន់ថា ការលើកយកសារបញ្ចេញមតិរបស់ភ្ញៀវទេសចរ ប៉ុន្មាននាក់តាមបណ្តាញសង្គមដែលបានកើតឡើងតាំងពីមុនពេលបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មកចុះផ្សាយដើម្បីវាយប្រហារលើអាកាសយានដ្ឋានថ្មីនេះ គឺជាចេតនាទុច្ចរិតដ៏អាក្រក់ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះ និងបំផ្លាញកិច្ចខិតខំប្រឹងប្រែងបំរើអតិថិជន(អតិថិជនជាធំ) របស់អាកាសយានដ្ឋានតែប៉ុណ្ណោះ។


