ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ២៧ ខែសីហានេះ បានរៀបចំពិធីប្រគល់ផែនទីឋានលេខាព្រំដែន ខ្នាត ១/២៥០០០ ជូនដល់ក្រសួងស្ថាប័នពាក់ព័ន្ធចំនួន៣៥ ដើម្បីយកទៅប្រើប្រាស់។ ពិធីប្រគល់នេះ បានធ្វើឡើងនៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមានការចូលរួមពី លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន។
លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានឱ្យដឹងថា ផែនទីឋានលេខាព្រំដែនកម្ពុជា-វៀតណាម មាត្រដ្ឋាន ១/២៥ ០០០ នេះ បានបង្ហាញពេញលេញលទ្ធផល ខណ្ឌសីមា និងបោះបង្គោលព្រំដែន ប្រមាណជា៨៤% ដែលប្រទេសទាំងពីរសម្រេចបាន។ទន្ទឹមនឹងនេះ ផែនទីនេះ ជាផែនទីទំនើបសម័យឌីជីថល ៤.0 ដែលបង្ហាញយ៉ាងច្បាស់លាស់ខ្សែព្រំដែន បង្គោលព្រំដែន រួមនិងស្ថានភាពភូមិសាស្រ្តនៅលើដីជាក់ស្តែងបានយ៉ាងជាក់លាក់ ងាយស្រួលក្នុងការប្រើប្រាស់ មិនដូចផែនទីបោនខ្នាត ១/១00 ០០០ នោះទេ។
សូមជម្រាបជូនថា ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈ កម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា និងឯកឧត្តម ឡេ ហួយទ្រុង អនុរដ្ឋមន្រ្តី នៃក្រសួងការបរទេស និងជា ប្រធានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះ បង្គោលព្រំដែនគោកវៀតណាម បានជួបពិភាក្សាការងារ និងប្រគល់ ទទួលផែនទីឋានលេខាព្រំដែនគោក ខ្នាត ១/២៥ ០០០ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គម និយម វៀតណាម នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបាយ ខេត្តតៃនិញ វៀតណាម នាថ្ងៃទី១ សីហា ឆ្នាំ២០២០កន្លងទៅ៕