
ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា(គ.អ.ឆ.ក) កាលពីថ្ងៃទី ៨ មករា បានបើកកិច្ចប្រជុំពិនិត្យវឌ្ឍភាពគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ខេត្តកែប ប្រវែង២៧០០ ម៉ែត្រ និង ផ្សព្វផ្សាយអំពីទស្សនៈទានរួមតំបន់ឆ្នេរសមុទ្រក្នុងការរៀបចំគម្រោងផ្លូវជិះកង់ទេសចរណ៍និងថ្មើជើង តាមបណ្តោយឆ្នេរសមុទ្រកម្ពុជាទាំង ៤ខេត្ត។
កិច្ចប្រជុំនេះ រៀបចំឡើងក្រោមអធិបលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និង ជាប្រធាន គ.អ.ឆ.ក ដោយមានការចូលរួមពីសមាជិក សមាជិកា សរុបប្រមាណ១៥០នាក់។ជាកិច្ចប្រជុំ គោលបំណងនៃកិច្ចប្រជុំគឺរាយការណ៍ពីវឌ្ឍនភាពគម្រោងអភិវឌ្ឍឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ខេត្តកែបប្រវែង២៧០០ម៉ែត្រ និងផ្សព្វផ្សាយអំពីទស្សនៈទានរួមតំបន់ឆ្នេរសមុទ្រក្នុងការរៀបចំគម្រោងផ្លូវជិះកង់ទេសចរណ៍និងថ្មើជើងតាមបណ្តោយឆ្នេរសមុទ្រកម្ពុជាទាំង៤ខេត្ត។
ជាលទ្ធផលអង្គប្រជុំបានពិភាក្សា និង មូលមតិគ្នាគាំទ្រលើ ការរៀបចំគំនូសប្លង់កែលម្អថ្មីគម្រោងអភិវឌ្ឍឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ខេត្តកែបប្រវែង២៧០០ម៉ែត្រ។ជំរុញក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធកំណត់យកទស្សនៈទានរួមតំបន់ឆ្នេរសមុទ្រជាត្រីវិស័យ ដោយគិតគូលើការបន្ស៊ីជាមួយផែនការការងារ។ជំរុញឲ្យមានការផ្លាស់ប្តូរផ្នត់គំនិតប្រជាពលរដ្ឋ និងការគិតគូវែងឆ្ងាយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយធ្វើការអភិវឌ្ឍជាជំហានៗ។បន្តសិក្សា វាយតម្លៃនិងរៀបចំបទដ្ឋានបច្ចេកទេសក្នុងការទប់ស្កាត់ការហូរច្រោះខ្សាច់ និង ដី។សិក្សាអំពីប្រភេទឈើដែលជាប្រភេទឈើក្នុងស្រុក និងមានលក្ខណៈធន់ដើម្បីដាំ។
លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងដែនដី និងជាប្រធាន គ.អ.ឆ.ក បានប្រាប់ស៊ីស៊ីថាមស៍ថា កិច្ចប្រជុំគណៈកម្មាធិការជាតិ គឺពិនិត្យថែទាំកុំឱ្យហូរច្រោះ និង ទី២ ក្រុមការងារពិនិត្យនិងគិតគូរពីផលិតផលទេសចរណ៍តាមបណ្តោយឆ្នេរសមុទ្រកម្ពុជា ដែលក្នុងនោះអាចមានផ្លូវដើរថ្មើជើង និង ជិះកង់ តាមទីប្រជុំជនឆ្លងកាត់។
បើតាមលោក សាយ សំអាល់ កិច្ចការងារទាំងអស់នេះ គឺក្នុងគោលដៅដើម្បីពង្រីកទីកន្លែងលំហែកាន់តែច្រើនជូនដល់ប្រជាជនកម្ពុជា រៀបចំផលិតផលដែលមានស្រាប់តាមតំបន់ឆ្នេរសមុទ្រកម្ពុជា និងជាពិសេសថែរក្សានូវសក្តានុពលតំបន់ឆ្នេររបស់កម្ពុជាដែលមាននៅពេលបច្ចុប្បន្ន។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ប្រទេសកម្ពុជាមានឆ្នេរសមុទ្រលាតសន្ធឹងប្រវែង ៤៤០ គីឡូម៉ែត្រ ដោយរាប់បញ្ចូលខេត្តចំនួន ៤ រួមមាន ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប។ឆ្នេរសមុទ្រ គឺជាស្នូលនៃតំបន់សមុទ្រកម្ពុជា ក្នុងចំណោមឆ្នេរខ្សាច់សរុប ៤៨ កន្លែង មានឆ្នេរខ្សាច់ចំនួន ១៦ កន្លែង បានចូលរួមប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតកន្លងទៅ ក្នុងនោះមានឆ្នេរខ្សាច់ខេត្តកោះកុងចំនួន ២ និងខេត្តព្រះសីហនុចំនួន ៨ ខេត្តកែបចំនួន ៦ ហើយឆ្នេរខ្សាច់ទទួលជ័យលាភីមានចំនួន ១០ ឆ្នេរ៕