Cctimesw1140xh150cm copy

រដ្ឋមន្រ្តីក្រសួងបរិស្ថានគម្រោងរៀបចំ«កន្លែងធ្វើសមាធិ និងវិបស្សនា»ឧទ្យានជាតិព្រះកុសុមៈគីរីរម្យ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពង់ស្ពឺ៖មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា កំពុងពង្រឹងភាពស្អាតស្រូបទាញពុទ្ធបរិស័ទឱ្យមកធ្វើសមាធិ ដើម្បីសន្តិភាពផ្លូវចិត្ត។បច្ចុប្បន្នលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បាននឹងកំពុងរៀបចំទីកន្លែងធ្វើវិបស្សនា និង ការធ្វើសមាធិ នៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះកុសុមៈគីរីរម្យ ដើម្បីអប់រំផ្លូវចិត្តអមជាមួយធម្មជាតិស្រក់ស្អាត។

នៅក្នុងដំណើរទស្សនកិច្ចចុះពិនិត្យទីតាំងរបស់លោករដ្ឋមន្រ្តី និង គណប្រតិភូអមដំណើរ នៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះកុសុមៈគីរីរម្យ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ការរៀបចំសាងសង់ទីកន្លែងសមាធិនេះឡើង គឺដើម្បីផ្សព្វផ្សាយព្រះពុទ្ធសាសនា វប្បធម៌ និងបង្ហាញអំពីធនធានធម្មជាតិផ្សារភ្ជាប់ និង ជីវិតប្រចាំថ្ងៃដែលប្រកបដោយធម៌សន្តោស កសាងសន្តិភាពផ្លូវចិត្តឱ្យរឹងមាំ តាមរយៈការសិក្សាធម៌វិន័យរបស់ព្រះពុទ្ធ ដែលផ្តោតសំខាន់លើភាពល្អបរិសុទ្ធ ភាពស្អាតនៃចិត្ត ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន២០២៣-២០២៨។

បើតាមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ការសាងសង់ទីកន្លែងធ្វើសមាធិជូនពុទ្ធបរិស័ទនេះ នឹងរៀបចំតង់ជាលក្ខណៈខ្មែរបែបទំនើប មានភាពល្អឯកប្លែកពីតំបន់ដទៃ ដែលបន្សល់ជាស្នាដៃទុកជាកេរ្តិ៍មរតកដល់កូនខ្មែរជំនាន់ក្រោយ។ ជាគម្រោងនឹងរៀបចំ ៥ទៅ១០តង់ សម្រាប់ការសាកល្បងជាមុនសិន ម្យ៉ាងចង់ឱ្យមានការចូលរួមការពារ និងអភិរក្សពីប្រជាសហគមន៍ និងប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ឧទ្យានជាតិព្រះកុសុមៈគីរីរម្យ ពីព្រោះថា ការសាងសង់នេះ គឺទុកសម្រាប់ជាប្រយោជន៍ជូនពួកគាត់ឱ្យរកប្រាក់ចំណូលបន្ថែម។

តែយ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការរកចំណូលទាំងនេះ គឺកើតចេញពីភាពស្អាត មិនមានការកេងចំណេញ មិនកុហក់ភូតភូរបោកប្រាស់ពុទ្ធបរិស័ទ ឬភ្ញៀវទេសចរជាតិ អន្តរជាតិដែលមកកម្សាន្ត។ ជារួមគឺជាការប្រកបរបរដោយសុច្ចរិត ត្រឹមត្រូវថ្លៃថ្នូរ មានសោភ័ណភាពស្អាត មិនមានសំរាមប្លាស្ទិកដែលបង្ករការបំពុលបរិស្ថាន ដោយមានកន្លែងទុកដាក់សំរាមត្រឹមត្រូវ ចំណែកតម្លៃម្ហូបអាហារក៏អាចទទួលយកបានតាមរយៈការកំណត់តម្លៃត្រឹមត្រូវ កំណត់ប្រភពនៃទំនិញ និងបរិយាកាសមានផាសុកភាពល្អ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង