
ភ្នំពេញ៖ សម្រាប់ឆ្នាំនេះ ប្រជាកសិករមានកំពុងមានភាពសប្បាយរីរាយ ដោយសារតម្លៃស្រូវសើមនៅទីវាលអាចលក់បានថ្លៃជាងឆ្នាំមុនៗ។ បើទោះប្រជាកសិករអាចទទួលបានតម្លៃខ្ពស់ពីការលក់ចេញស្រូវសើមក៏ដោយ ក៏ថ្មីៗនេះរដ្ឋបាលខេត្តពោធិ៍សាត់ប្រកាសឱ្យប្រជាកសិករក្នុងខេត្តខ្លួន ផ្អាកការងារបង្កបង្កើនផលស្រូវនៅរដូវប្រាំងលើកទី២ ព្រោះកង្វះទឹកប្រើប្រាស់។ ពាក់ព័ន្ធនឹងករណីនេះ កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម បានអះអាងថា ក្រសួងព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ នឹងជួយសម្រួលដល់ប្រជាកសិករឱ្យមានទឹកប្រើប្រាស់ក្នុងកម្រិតសមរម្យមួយ ក៏ដូចជាបែងចែកការប្រើប្រាស់ទឹកឱ្យមានសមភាព ដោយពុំអនុញ្ញាតឱ្យនរណាម្នាក់កេងចំណេញ ឬរំលោភយកទឹកទៅប្រើប្រាស់តែឯកឯងនោះទេ។
រដ្ឋបាលខេត្តពោធិ៍សាត់ នាពេលថ្មីៗនេះ បានប្រកាសឱ្យប្រជាកសិករក្នុងខេត្តរបស់ខ្លួនផ្អាកការងារបង្កបង្កើនផលស្រូវនៅរដូវប្រាំងលើកទី២ បើទោះបីជាតម្លៃស្រូវសើមអាចលក់បានថ្លៃជាងមុនក៏ដោយ។ ការប្រកាសផ្អាកនេះ ព្រោះលទ្ធភាពទឹកសម្រាប់បង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំនេះ បានត្រឹមតែ ២០.០០០ហិកតាប៉ុណ្ណោះ តែមកដល់ពេលនេះការបង្កបង្កើនផលរបស់បងប្អូនកសិករមានចំនួន ៥០.៥១៨ហិកតា លើសផែនការប្រើប្រាស់ទឹក។
ជុំវិញករណីនេះ អ្នកនាំពាក្យក្រសួងកសិកម្មបានលើកឡើងថា ក្រសួងនិងភាគីពាក់ព័ន្ធនឹងជួយសម្រួលដល់ប្រជាកសិករ ដោយធ្វើយ៉ាងណាឱ្យពួកគាត់មានទឹកប្រើប្រាស់ក្នុងកម្រិតមួយសមរម្យ និងប្រើប្រាស់បានដោយភាពស្មើគ្នា។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងកសិកម្មបានបញ្ជាក់ថា បញ្ហាកង្វះទឹកប្រើប្រាស់នេះ មិនមែនមានតែនៅកម្ពុជានោះទេ តែប្រទេសវៀតណាមក៏ជួបបញ្ហានេះដូចគ្នាផងដែរ៕


