
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំស្តីពីបញ្ហាទីផ្សារសត្វ សាច់ និងផលិតផលសត្វនៅកម្ពុជា ក្នុងគោលបំណងស្វែងយល់ពីស្ថានភាពពិតប្រាកដ និងគោលជំហររបស់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងនឹងចាត់ចែងឱ្យមានការសិក្សាទីផ្សារគ្រប់ជ្រុងជ្រោយ ដើម្បីវាយតម្លៃឱ្យបានច្បាស់លាស់ពីស្ថានភាព តម្រូវការ និងការផ្គត់ផ្គង់សត្វនៅក្នុងស្រុក។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្រោមការដឹកនាំរបស់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងកសិកម្ម។
ជុំវិញកិច្ចប្រជុំនេះ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានបញ្ជាក់ប្រាប់ស៊ីស៊ីថាមស៍ថា កិច្ចប្រជុំនេះទទួលបានលទ្ធផល និងផ្លែផ្កាយ៉ាងល្អ ដោយសារក្រសួកសិកម្មបានជួបពិភាក្សាផ្ទាល់ជាមួយភាគីពាក់ព័ន្ធទាំងអស់រួមមាន អ្នកចិញ្ចឹមសត្វ អ្នកនាំចូល កុងស៊ីឬអ្នកកាប់ អ្នកចែកចាយ និងអ្នកលក់ និងបានណែនាំឱ្យភាគីពាក់ព័ន្ធទាំងអស់ពង្រឹងការទិញផលិតផលនៅក្នុងស្រុកដើម្បីធ្វើការចែកចាយ។
តាមរយៈកិច្ចប្រជុំនេះ រដ្ឋមន្រ្តីក្រសួងកសិកម្មក៏បានបញ្ជាក់ថា ក្រសួងនឹងចាត់ចែងឱ្យមានការសិក្សាទីផ្សារគ្រប់ជ្រុងជ្រោយ ដើម្បីវាយតម្លៃឱ្យបានច្បាស់លាស់ពីស្ថានភាព តម្រូវការ និងការផ្គត់ផ្គង់សត្វ ក្នុងខ្សែច្រវាក់ផលិតកម្ម និងតម្លៃ ដើម្បីដោះស្រាយ និងគ្រប់គ្រងបញ្ហានេះឱ្យបានល្អប្រសើរ និងដើម្បីផលចំណេញទាំងអស់គ្នា ក៏ដូចជាសុខុមាលភាពសម្រាប់អ្នកបរិភោគ។
រដ្ឋមន្រ្តីក្រសួងកសិកម្មក៏បានចាត់តាំងលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដឹកនាំកិច្ចប្រជុំបន្ទាន់ជាមួយក្រុមការងារជំនាញ និងភាគីពាក់ព័ន្ធ ស្តីពីតម្រូវការនិងការផ្គត់ផ្គង់សត្វ ការធ្វើបំណែកសាច់តាមប្រភេទនិងស្តង់ដាគុណភាព ដើម្បីទទួលបានតម្លៃបន្ថែម និងធានាស្ថិរភាពតម្លៃទីផ្សារល្អ និងធានាផលចំណេញសមរម្យសម្រាប់អ្នកផលិត ចែកចាយ និងអ្នកបរិភោគ៕
