
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នឹងរៀបចំកិច្ចប្រជុំមួយ ដើម្បីត្រួតពិនិត្យលើខ្លឹមសារទាំង១៤ មាត្រានៃច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានស្នើសុំធ្វើវិសោធនកម្មដោយតំណាងអង្គការសង្គមស៊ីវិល។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងមហាផ្ទៃ ថ្ងៃ ២៦ សីហា ឆ្នាំ២០២០។
យោងតាមសេចក្ដីប្រកាស របស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា កន្លងមក ក្រុមការងាររបស់រាជរដ្ឋាភិបាលដើម្បីសម្របសម្រួលដោះស្រាយសំណើ និងសំណូមពររបស់សង្គមស៊ីវិល បានរៀបចំកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ចំនួន០៦ លើករួចមកហើយ ជាមួយតំណាងអង្គការសង្គមស៊ីវិល ដើម្បីស្វែងយល់ពីគោលបំណង និងហេតុផលក្នុងការលើកសំណើរសុំធ្វើវិសោធនកម្មចំនួន១៧មាត្រា នៃច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
ទន្ទឹមនឹងនេះជាលទ្ធផល នៃកិច្ចប្រជុំនេះបានពិភាក្សា និងពិគ្រោះយោបល់ លើមាត្រាចំនួន១៤ ដោយឡែក មាត្រាចំនួន៣ទៀត តំណាងអង្គការសង្គមស៊ីវិលបានស្នើសុំរក្សាទុកនូវខ្លឹមសារដើមដដែល។
ជាមួយគ្នានេះដែរ ក្រុមការងាររបស់រដ្ឋាភិបាល នឹងរៀបចំកិច្ចប្រជុំនៅថ្ងៃ២៨ សីហា ឆ្នាំ២០២០ នៅទីស្ដីការក្រសួមហាផ្ទៃ ដើម្បីពិនិត្យខ្លឹមសារ នៃមាត្រាទំាង១៤ នៃច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានស្នើសុំធ្វើវិសោធនកម្មដោយតំណាងអង្គការសង្គមស៊ីវិល៕
