ខេត្តកែប៖ អ្នកឧកញ៉ា ទ្រី ភាព បានបោះទុនវិនិយោគប្រមាណជា១៣០លានដុល្លារ ដើម្បីអភិវឌ្ឍកោះទន្សាយ ខេត្តកែប ឱ្យក្លាយជាតំបន់ទេសចរណ៍បែបធម្មជាតិប្រណិត។ថ្មីៗនេះ ក្រុមហ៊ុន ទ្រី ភាព កោះទន្សាយ រីសត របស់អ្នកឧកញ៉ា ទ្រី ភាព បានបង្ហាញពីទិដ្ឋភាពផែនការមេនៃគម្រោងអភិវឌ្ឍន៍កោះទន្សាយ ខេត្តកែប ប្រកបដោយភាពទាក់ទាញ។
ផែនការមេនៃគម្រោងអភិវឌ្ឍន៍កោះទន្សាយ ត្រូវបានឌីហ្សាញឡើងដោយក្រុមហ៊ុន Osmosis Architects ដែលក្នុងនោះមានទាំង រីសត សណ្ឋាគារ មណ្ឌលកម្សាន្ត ព្រះពុទ្ធរូប និង រ៉តកន្រ្តកខ្សែកាបឆ្លងពីកោះទៅកោះមួយទៀតផង។គម្រោងអភិវឌ្ឍន៍ដ៏ទាក់ទាញសម្បូរបែបនៅលើកោះទន្សាយនេះ ត្រូវបានគេរំពឹងថានឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើន។
លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានថ្លែងប្រាប់ ស៊ីស៊ីថាមស៍ នៅថ្ងៃនេះថា គម្រោងអភិវឌ្ឍនេះមិនទាន់ដំណើរការទាំងស្រុងនោះទេ ហើយរដ្ឋបាលខេត្តកែប អនុញ្ញាតឱ្យក្រុមហ៊ុនរៀបចំទៅតាមកម្រិតរបស់ក្រុមហ៊ុន តាមដំណាក់កាលរបស់ខ្លួន។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាល ឆ្នាំ២០១៩ បានអនុម័តឱ្យក្រុមហ៊ុន ទ្រី ភាព កោះទន្សាយ រីសត ឯ.ក (Try Pheap Koh Tunsay Resorts Co., Ltd) ទទួលបានសិទ្ធិអភិវឌ្ឍកោះទន្សាយរហូត ៥០ឆ្នាំ ដោយចំណាយទុនវិនិយោគរហូត ១៣០លានដុល្លារ ក្នុងបំណងបង្កើតទីក្រុងរណបថ្មីមួយ រួមទាំងមណ្ឌលកម្សាន្តដ៏សម្បូរបែប។
កោះទន្សាយ ជារមណីយដ្ឋានរណបរបស់ខេត្តកែប ដែលអ្នកទេសចរជាតិ និងបរទេសបានទៅទស្សនាខេត្តកែបហើយ តែងតែចង់បន្តដំណើរទៅសម្រាកកម្សាន្តនៅកោះនេះ។ កោះទន្សាយ មានទីតាំងស្ថិតនៅប៉ែកអាគ្នេយ៍នៃទីក្រុងកែប មានចម្ងាយ៤,៥គីឡូម៉ែត្រពីទីក្រុងនេះ ជិះទូករយៈពេលប្រមាណ៣០នាទី ពីកំពង់ផែទេសចរណ៍កោះទន្សាយ។ កោះនេះជារមណីដ្ឋានធម្មជាតិដ៏ល្អប្រណិតរបស់ទីក្រុង ដែលមានលក្ខណៈអំណោយផលពីធម្មជាតិ ព្រោះមានឆ្នេរខ្សាច់ចំនួន២កន្លែង ដែលមានវាលខ្សាច់សពីធម្មជាតិ អាចធ្វើជាកន្លែងសម្រាប់ងូតទឹកកម្សាន្តសប្បាយ៕