ព្រះសីហនុន៖ រដ្ឋបាលខេត្តព្រះសីហនុ នៅល្ងាចថ្ងៃទី ២៨ ធ្នូនេះ បានរៀបចំនំខ្មែរដាក់ជូនជាភ្ញៀវទេសចរ ស្គាល់ពីរស់ជាតិ និង ទទួលបានការពេញចិត្ត និង គាំទ្រយ៉ាងខ្លាំង។នំខ្មែរទាំងអស់នោះមានដូចជា៖ នំគម នំបត់ នំក្រូច ខ្មែរ ដោយទទួលបានកោតសរសើមិនដាច់ពីមាត់របស់ភ្ញៀវទេសចរអន្តរជាតិ។
ដូចការគ្រោងទុកនៅល្ងាចនេះ អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំអាហារសម្រន់សម្រាប់ទទួលភ្ញៀវទេសចរធ្វើដំណើរលើនាវា វេស្ទើដាម។អាហារបែបខ្មែរទាំងអស់នោះមានជាអាទិ៍៖ នំគម នំបត់ នំក្រូច ខ្មែរ ត្រូវបានភ្ញៀវទេសចរធ្វើដំណើរតាមនាវាវេស្ទើដាម មាន៥០សញ្ជាតិសរសើរថាឆ្ងាញ់ខ្លាំងណាស់។
លោកស្រី William Daniel ជនជាតិកាណាដា វ័យ៥៥ឆ្នាំ លោកបានលើកឡើងថា ប្រទេសកម្ពុជាពិតជាកក់ក្តៅណាស់ មានប្រជាជនរួសរាយរាក់ទាក់ និង មានការទទួលស្វាគមន៍យ៉ាងល្អឥតខ្ចោះ ដែលលោកនឹកស្មានមិនដល់។អ្នកទេសចរណ៍រូបនេះសូមអរគុណរាជរដ្ឋាភិបាលកម្ពុជាដែលបានរៀបចំទទួលពួកគេដោយនៅពេលនេះ។
នាវាទេសចរណ៍ MS Westerdam នៅព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៣នេះ បានដឹកភ្ញៀវទេសចរប្រមាណជិត ២០០០ នាក់ចូលមកដល់កំពង់ផែក្រុងព្រះសីហនុហើយ ដើម្បីរំលឹកដល់អនុស្សាវរីយ៍ កាលពីអំឡុងផ្ទុះការរីករាលដាលជំងឺកូវីដ-១៩ ដែលនាវានេះត្រូវបានប្រទេសកម្ពុជាអនុញ្ញាតឱ្យចូលចត ខណៈប្រទេសជាច្រើនបដិសេធ។ការមកដល់របស់នាវា Westerdam ជាថ្មីនេះ ជាសញ្ញាល្អបន្ថែមទៀតនៃវិស័យទេសចរណ៍របស់កម្ពុជា។
កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជាបានសម្រេចឱ្យនាវាទេសចរណ៍អាម៉េរិក Westerdam ចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ក្រោយពីប្រទេស និង កោះចំនួន៥បានបដិសេធលើការស្នើសុំចតរបស់ក្រុមហ៊ុន Holland America Line ដោយសារបារម្ភពីជំងឺកូវីដ១៩។មូលហេតុដែលរដ្ឋាភិបាលសម្រេចឱ្យនាវាអាម៉េរិកចូលចតនេះ ក្រោមហេតុផលថាជួយសង្គ្រោះមនុស្ស និង បង្ហាញពីសកម្មភាពមនុស្សធម៌ ជាពិសេស លុបបំបាត់ភាពភ័យខ្លាចរបស់ពលរដ្ឋលើបញ្ហាជំងឺរលាកសួតដែលបង្កឡើងដោយជំងឺកូវីដ១៩៕