Cc times  web banner kh

នាវា Westerdam ចូលចតនៅកម្ពុជាជាថ្មីដើម្បីអរគុណកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ក្រុងព្រះសីហនុ៖ នាវាទេសចរណ៍ MS Westerdam នៅព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៣នេះ បានដឹកភ្ញៀវទេសចរប្រមាណជិត ២០០០ នាក់ចូលមកដល់កំពង់ផែក្រុងព្រះសីហនុហើយ ដើម្បីរំលឹកដល់អនុស្សាវរីយ៍ កាលពីអំឡុងផ្ទុះការរីករាលដាលជំងឺកូវីដ-១៩ ដែលនាវានេះត្រូវបានប្រទេសកម្ពុជាអនុញ្ញាតឱ្យចូលចត ខណៈប្រទេសជាច្រើនបដិសេធ។ការមកដល់របស់នាវា Westerdam ជាថ្មីនេះ ជាសញ្ញាល្អបន្ថែមទៀតនៃវិស័យទេសចរណ៍របស់កម្ពុជា។

ដូចការគ្រោងទុក នាវាទេសចរណ៍ដ៏ល្បីឈ្មោះ Westerdam បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុម្ដងទៀតនៅព្រឹកនេះ ជាមួយការនាំយកភ្ញៀវទេសចរជិត ២០០០នាក់។កាលពី៣ឆ្នាំមុន នាវា Westerdam ត្រូវបានប្រទេសជាច្រើនបដិសេធមិនស្វាគមន៍ឱ្យចូលចត ដោយសារបារម្ភពីការឆ្លងកូវីដ-១៩។

ការមកដល់របស់នាវាទេសចរណ៍ MS Westerdam ទទួលបានការរៀបចំស្វាគមន៍បានយ៉ាងល្អពីអាជ្ញាធរខេត្តព្រះសីហនុ និង មន្រ្តីទេសចរណ៍ អមជាមួយភ្លេងឆៃយ៉ាំរបស់ខ្មែរ និង ប្រគល់ជូននូវវត្ថុអនុស្សាវរីយ៍ជាដើម។ភ្ញៀវទេសចរនឹងចុះលេងកម្សាន្តនៅក្នុងខេត្តព្រះសីហនុ ហើយបន្តទៅលេងកម្សាន្តដល់ខេត្តកំពត ខេត្តកែប ហើយគ្រោងត្រឡប់ទៅវិញនៅយប់ម៉ោង១០ថ្ងៃនេះ ដើម្បីបន្តទៅគោលដៅរបស់ពួកគេ។

ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន តំណាងក្រុមភ្ញៀវទេសចរ និង ម្ចាស់នាវាទេសចរណ៍ បានសម្តែងការអរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានរៀបចំទទួលការស្វាគមន៍ការមកដល់របស់ពួកគេ។សម្រាប់ភ្ញៀវទេសចរ ចាត់ទុកកម្ពុជាជាប្រទេសតូចនឹងមានទឹកចិត្តធំដែលហ៊ានឱ្យនាវាចូលចតដោយមិនបារម្ភពីសុវត្តិភាពពីការឆ្លងកូវីដ-១៩។

គួររំលឹកថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជាបានសម្រេចឱ្យនាវាទេសចរណ៍អាម៉េរិក Westerdam ចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ក្រោយពីប្រទេស និង កោះចំនួន៥បានបដិសេធលើការស្នើសុំចតរបស់ក្រុមហ៊ុន Holland America Line ដោយសារបារម្ភពីជំងឺកូវីដ១៩។មូលហេតុដែលរដ្ឋាភិបាលសម្រេចឱ្យនាវាអាម៉េរិកចូលចតនេះ ក្រោមហេតុផលថាជួយសង្គ្រោះមនុស្ស និង បង្ហាញពីសកម្មភាពមនុស្សធម៌ ជាពិសេស លុបបំបាត់ភាពភ័យខ្លាចរបស់ពលរដ្ឋលើបញ្ហាជំងឺរលាកសួតដែលបង្កឡើងដោយជំងឺកូវីដ១៩៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង