Cctimesw1140xh150cm copy

ផែនការយុទ្ធសាស្រ្តសុខភាពផ្លូវចិត្តឆ្នាំ២០២៣-២០៣២ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ផែនការយុទ្ធសាស្រ្តសុខភាពផ្លូវចិត្តឆ្នាំ២០២៣-២០៣២ ត្រូវបានប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី២៧ ធ្នូ នេះ។ កម្មវិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រៀបចំឡើងក្រោមអធិបតីភាពលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

ថ្លែងក្នុងពិធីនោះ លោក ឈាង រ៉ា បានបញ្ជាក់ថា សុខភាពផ្លូវចិត្ត គឺជាសមាសធាតុមួយដ៏សំខាន់សម្រាប់សុខភាពរបស់យើងទាំងអស់គ្នា ជាការទទួលខុសត្រូវរបស់យើងគ្រប់គ្នា ហើយក៏ជាធាតុផ្សំដ៏សំខាន់សម្រាប់ធានាឱ្យធនធានមនុស្សដែលមានគុណភាពផងដែរ។ ក្នុងការអភិវឌ្ឍប្រទេសជាតិមួយត្រូវការប្រជាជនដែលមានសុខភាពល្អ រួមបញ្ចូលសុខភាព ផ្លូវចិត្តល្អផងដែរ ដែលការលើកកម្ពស់សុខភាពផ្លូវចិត្ត ពិតជាបានរួមចំណែកក្នុងការកសាងកំណើនសេដ្ឋកិច្ចរបស់បុគ្គល គ្រួសារ និងសង្គមជាតិ។

ទន្ទឹមនឹងនេះ លោក ឈាង រ៉ា ក៏បានលើកឡើងនូវប្រវត្តិនៃសោកនាដកម្ម ដោយសារសង្គ្រាម ដែលបានធ្វើឱ្យប្រជាជនទូទៅទទួលរងនូវការប៉ះទង្គិចផ្លូវចិត្ត និងឱ្យមានការប៉ះពាល់ដល់មនុស្សតជំនាន់ ដោយត្រូវយកចិត្តទុកដាក់ផ្នែកសុខភាពផ្លូវចិត្តថែមទៀត។

លោក ឈាង រ៉ា បានបញ្ជាក់ថាការដែលមានគោលនយោបាយ និងផែនការយុទ្ធសាស្រ្ត នៅមិនគ្រប់គ្រាន់ទេ បើសិនជាយើងមិនបានប្រែក្លាយវាឱ្យទៅជាសកម្មភាពជាក់ស្តែង មានន័យថាសកម្មភាពសំដៅឆ្លុះបញ្ចាំងជាមួយចក្ខុវិស័យច្បាស់លាស់ និងវាស់វែងបាន និងចូលរួមដោយដៃគូអភិវឌ្ឍន៍ ដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការគាំទ្រធនធាន មធ្យោបាយបន្ថែមទៀត។

លោកបន្ថែមថា សេវាសុខាភិបាល ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវពង្រីកសេវាថែទាំ និងព្យាបាលជំងឺផ្លូវចិត្ត ទាំងសេវាពិគ្រោះជំងឺផ្លូវចិត្ត និងសេវាព្យាបាលជំងឺផ្លូវចិត្តសម្រាកពេទ្យ ឱ្យកាន់ តែទូលំទូលាយ និងមានជម្រើសច្រើនយ៉ាងសម្រាប់ប្រជាជន ដើម្បីឈានទៅកាន់ការគ្របដណ្តប់សុខភាពជាសកល ហើយគ្រប់អង្គភាពសុខាភិបាលគួររៀបចំឱ្យមានសេវាផ្តល់ប្រឹក្សាផ្លូវចិត្តសម្រាប់បុគ្គលិក ដើម្បីលើកកម្ពស់គុណភាពនៃការងារ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង