
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ចបានអះអាងថា គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ មិនប្រើលុយកម្ចីពីចិនឡើយ គឺសាងសង់ឡើងក្រោមទម្រង់កិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន ឬរូបភាពសាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT) ដូចនឹងការសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ ការបញ្ជាក់នេះ តបនឹងការផ្សាយរបស់ឌឹខេមបូឌាដេលី ដែលបានផ្សាយថា រាជរដ្ឋាភិបាលខ្ចីលុយចិនចំនួន៥ពាន់លានដុល្លារអាម៉េរិកយកមកសង់ព្រែកជីកនេះ និងកំពង់ផែនានា ក៏ដូចជាដោះស្រាយវិបត្តិសេដ្ឋកិច្ចកម្ពុជា។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើការបំភ្លឺថា ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ គឺមិនស្ថិតនៅក្នុងបញ្ជីកម្មវិធី/គម្រោងអភិវឌ្ឍន៍ឆ្នាំ២០២៣ និង២០២៤នៃច្បា់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣និង២០២៤ ក្រោមក្របខណ្ឌនៃការខ្ចីពីដៃគូអភិវឌ្ឍន៍ទេ ព្រោះគម្រោងនេះនឹងត្រូវអនុវត្តតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន។
ជាសាវតារ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ កន្លងមក គម្រោងព្រែកជីកហ្វូណនតេជោត្រូវបានរាជរដ្ឋាភិបាលអនម័តឱ្យបន្តរៀបចំអភិវឌ្ឍតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន(Public-Private Partnership – PPP) ឬតាមរូបភាពសាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ(BOT) ដែលទម្រង់នេះក៏ត្រូវបានអនុវត្តដោយប្រទេសជាច្រើននៅលើពិភពលោក ហើយជាក់ស្ដែងនៅកម្ពុជា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក៏បានអនុវត្តតាមរូបភាពនេះដោយជោគជ័យរួចមកហើយ។
តាមយន្តការនេះ រាជរដ្ឋាភិបាលកម្ពុជានឹងមិនខ្ចីបំណុលពីសាធារណរដ្ឋប្រជាមានិតចិន សម្រាប់អភិវឌ្ឍគម្រោងនេះឡើយ ហើយភាគីដៃគូឯកជនមានកាតព្វកិច្ចទទួលខុសត្រូវលើរាល់ចំណាយពាក់ព័ន្ធនឹងការរៀបចំសិក្សាសមិទ្ធិលទ្ធភាពគម្រោង និងធ្វើការស្វែងរកទុនវិនិយោគសម្រាប់ហិរញ្ញប្បទានដើម្បីរៀបចំអភិវឌ្ឍគម្រោងនេះដោយដៃគូឯកជនផ្ទាល់ និងមិនទទួលការផ្តល់នូវការធានាពីរដ្ឋចំពោះគម្រោងនេះទេ។ បច្ចុប្បន្នដៃគូឯកជន បាននិងកំពុងរៀបចំសិក្សាសមិទ្ធិលទ្ធភាពគម្រោង និងគ្រោងដាក់ជូនរាជរដ្ឋាភិបាលធ្វើការពិនិត្យ និងវាយតម្លៃនាពេលខាងមុខស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន-តេជោ ជាគម្រោងដឹកជញ្ជូនផ្លូវទឹកដ៏សំខាន់របស់កម្ពុជា គឺការដឹកទំនិញចេញពីទន្លេ ទៅសមុទ្រ ហើយឡើងទៅផ្សារអន្តរជាតិ។ បច្ចុប្បន្នកម្ពុជាដឹកទំនិញចេញពីផែស្វយ័តភ្នំពេញ ឬពីទន្លេយើងទៅសមុទ្រ គឺត្រូវឆ្លង តាមប្រទេសវៀតណាម ត្រូវបង់ថ្លៃឆ្លងកាត់ផ្លូវទឹក ឬប្រើផែវៀតណាម ដើម្បីដឹកទំនិញទៅក្រៅប្រទេស៕


