ភ្នំពេញ៖ សារព័ត៌មានពាណិជ្ជកម្ម(The Commercial News)កាលពីល្ងាចថ្ងៃទី ២៣ ខែធ្នូ បានប្រារព្ធពិធីអបអរសារទរខួបលើកទី៣០ឆ្នាំរបស់ខ្លួន។ កម្មវិធីនេះ ប្រព្រឹត្តិនៅភោជនីយដ្ឋានឡោវទីហ្វាង ដើម្បីថ្លែងអំណរគុណដល់បុគ្គលិកទាំងអស់ ចំពោះការខិតខំរបស់ពួកគេ។
កម្មពិធីប្រារព្ធទៅក្នុងបរិយាកាសសប្បាយរីករាយដោយបុគ្គលិកទាំងអស់បានជួបជុំគ្នា ច្រៀងចម្រៀងខួបកំណើត និងកាត់នំខេករួមគ្នាដែលបង្ហាញពីសាមគ្គីភាព។
លោក ផ្លុង វិចិត្រ អគ្គនាយកសារព័ត៌មានពាណិជ្ជកម្ម បានថ្លែងអំណរគុណដល់សហសេវិកទាំងអស់ដែលបានខិតខំប្រឹងប្រែងចូលរួមធ្វើឲ្យសារព័ត៌មាននេះមានការរីកចម្រើនឥតឈប់ឈរ នឹងថ្លៃងអំណរគុណ ចំពោះលោកប្រធានក្រុមប្រឹក្សាភិបាលដែលតែងតែយកចិត្តទុកដាក់បុគ្គលិកគ្រប់គ្នា។
ក្នុងនាមជាថ្នាក់ដឹកនាំលោកមានការជឿជាក់ថា តាមរយៈការខិតខំដោយអស់ពីសមត្ថភាពរបស់បុគ្គលិកទាំងអស់ សារព័ត៌មានពាណិជ្ជកម្ម នឹងបង្កើតលទ្ធផលកាន់តែអស្ចារ្យបន្ថែមទៀតនាពេលខាងមុខ។
ជាមួយគ្នានឹងការហូបអាហារសាមគ្គីរួមគ្នាពេលល្ងាច ក្រុមការងារក៏មានកម្មវិធីចាប់រង្វាន់ ដែលញាំងកម្មវីធីទាំងមូលមានបរិយាកាសរីករាយបំផុត ខណៈដែលបុគ្គលិកទាំងអស់សុទ្ធតែទទួលបានរង្វាន់ទាំងអស់គ្នា។
គួរបញ្ជាក់ថា សារព័ត៌មានពាណិជ្ជកម្ម ត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៧ ខែធ្នូឆ្នាំ ១៩៩៣ គឺជាសារព័ត៌មានជាភាសាចិនដំបូងបង្អស់ដែលត្រូវបានបង្កើតឡើងបន្ទាប់ប្រទេសកម្ពុជាទទួលបានសន្តិភាព តាមរយៈកិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលា៕