Cctime 6monthsfree desktop
Cc times  web banner kh (2)

កំពង់ផែស្វយ័តនឹងប្រែក្លាយជាកំពង់ផែអន្តរជាតិខ្នាតធំបន្ទាប់ពីផែកុងតឺន័រទាំង៣ជំហានសាងសង់រួច

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ព្រះសីហនុ៖ កំពង់ផែស្វយ័តគ្រោងនឹងអភិវឌ្ឍនិងពង្រីកបន្ថែមនូវសមត្ថភាពកំពង់ផែ តាមរយៈការគ្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី២ និងទី៣ ខណៈចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១ បានបើកការដ្ឋានសាងសង់ជាផ្លូវការ។ គម្រោងសាងសង់ផែកុងតឺន័រទាំង៣ជំហាននេះ នឹងប្រែក្លាយសមត្ថភាពកំពង់ផែស្វយ័តក្រុងសីហនុ ដែលបច្ចុប្បន្នជាកំពង់ផែអន្តរជាតិខ្នាតតូចឱ្យទៅជាកំពង់ផែអន្តរជាតិខ្នាតធំ ប្រកបដោយភាពប្រកួតប្រជែង ដែលអនុញ្ញាតឱ្យនាវាកុងតឺន័រធុនធំពីគ្រប់តំបន់នៅក្នុងពិភពលោកអាចចូលចតបានដោយងាយស្រួល និងឆាប់រហ័ស ដោយពុំមានឧបសគ្គលើជម្រៅទឹកទៀតឡើយ។

បើតាមរបាយការណ៍ ចំណតផែកុងតឺន័រទឹកជ្រៅ ជំហានទី១ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានតម្លៃសាងសង់ប្រមាណ២៤៣លានដុល្លារអាម៉េរិក មានប្រវែង៣៥០ម៉ែត្រ ជម្រៅទឹកសាងសង់ -១៤,៥ម៉ែត្រ បានបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី២២ធ្នូនេះ។ ចំណតផែថ្មីនេះអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក ៦ម៉ឺនតោន ឬស្មើនឹង៤ពាន់TEUs ដែលមានផ្លូវដឹកជញ្ជូននៅក្នុងតំបន់ប៉ាស៊ីហ្វិក ទៅ-មក កំពុងផែស្វយ័តព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែកើនដល់ប្រមាណ ១,២៥លាន TEUs ក្នុងមួយឆ្នាំ។ គម្រោងនេះ អនុវត្តការសាងសង់ដោយក្រុមហ៊ុនជប៉ុន តូអា ខបផើរេសិន(TOA Corporation) និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន នីបផន ខូអរ (Nippon Koei) និងក្រុមហ៊ុន Oriental Consultants Global ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន៣៦ខែ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៦។

ចំណតផែកុងតឺន័រទឹកជ្រៅ ជំហានទី២ មានប្រវែង៤០០ម៉ែត្រ ជម្រៅទឹកសាងសង់-១៦,៥ម៉ែត្រ អាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក ១២ម៉ឺនតោន ឬស្មើនឹង១ម៉ឺនTEUs ដែលមានផ្លូវដឹកជញ្ជូននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ទៅ-មក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកមពង់ផែសរុបរហូតដល់ប្រមាណជាង ១,៨លានTEUs ក្នុងមួយឆ្នាំ។

ចំណតផែកុងតឺន័រទឹកជ្រៅ ជំហានទី៣ មានប្រវែង៤៣០ម៉ែត្រ ជម្រៅទឹកសាងសង់-១៧,៥ម៉ែត្រ អាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក ១៦ម៉ឺនតោន ឬស្នើនឹង១៥ពាន់TEUs ដែលមានផ្លូវដឹកជញ្ជូនក្នុងតំបន់អឺរ៉ុប អាម៉េរិក និងទូទាំងពិភពលោក ទៅ-មក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយពុំបាច់ឆ្លងកាត់បណ្ដាកំពង់ផែផ្សេងៗនៅក្នុងតំបន់ទៀតទេ។ ចំណតផែកុងតឺន័រនេះនឹងបង្កើនសមត្ថភាពកំពុងថែសរុបរហូតដល់ប្រមាណ ២,៥លាន TEUs ក្នុងមួយឆ្នាំ។

របាយការណ៍បញ្ជាក់ថា ចំណតផែកុងតឺន័រទឹកជ្រៅ ជំហានទី២ និងជំហានទី៣នេះ គ្រោងចំណាយថវិកាសាងសង់សរុបប្រមាណ ៦៩៨លានដុល្លារអាម៉េរិកបន្ថែមទៀត ដែលទឹកប្រាក់ជាង៥០០លានដុល្លារអាម៉េរិក ជាឥនទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុន និងជាង១០០លានដុល្លារអាម៉េរិក ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង