
កណ្តាល៖អ្នកវិយោគជប៉ុនមកពីក្រុមហ៊ុនធុរកិច្ច និង អង្គការជប៉ុនចំនួន២២ ( Under JBAC Leadership ) មានចំនួនជិត៥០នាក់ នៅថ្ងៃទី ១៩ ធ្នូកន្លងទៅ បានធ្វើដំណើរទៅកាន់ អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីទស្សនកិច្ចសិក្សា ស្វែងយល់ពីវឌ្ឍនភាព និង សក្តានុពល នៃអាកាសយានដ្ឋាលំដាប់អន្តរជាតិរបស់កម្ពុជាមួយនេះ។ដំណើរទស្សនកិច្ចនេះ រៀបចំឡើង រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនោះ ក្រុមអ្នកវិនិយោគជប៉ុនបានទស្សនាពីគម្រោងនានាដែលកំពុងដំណើរការសាងសង់ដ៏មមាញឹក និង បានទស្សនាការធ្វើបទបង្ហាញពីគម្រោងទាំងមូលដោយក្រុមអ្នកជំនាញប្រចាំអាកាសយានដ្ឋាន។ក្រោយបញ្ចប់ការធ្វើបទបង្ហាញក្រុមអ្នកវិនិយោគជប៉ុនសម្តែងការភ្ញាក់ផ្អើលចំពោះគម្រោងយក្សមួយនេះ ហើយបានពោលពាក្យថា ជាគម្រោងល្អ និងធំលំដាប់អន្តរជាតិ។នេះបើយោងតាមប្រសាសន៍របស់លោក ស៊ីន ចាន់សេរីវុត្ថា អនុរដ្ឋលេខធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។
បើតាមលោក ស៊ីន ចាន់សេរីវុត្ថា បានចាត់ទុកដំណើរទស្សនកិច្ចនេះ គឺជាសញ្ញាណវិជ្ជមានមួយនៃវិស័យវិនិយោគនៅកម្ពុជា ជាពិសេសស្របគ្នាទៅនឹងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច ហ៊ុន ម៉ាណែត និង បានបង្ហាញយ៉ាងច្បាស់ពីមិត្តភាពជាគំរូ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និង ស្ថិរភាពយូរអង្វែងរវាងកម្ពុជា-ជប៉ុន ដោយផ្អែកលើគោលការណ៍នៃទំនុកចិត្ត ការគោរព និងការគាំទ្រគ្នាទៅវិញទៅមកក្នុងវិស័យសេដ្ឋកិច្ចសង្គម ពាណិជ្ជកម្ម នយោបាយ និង ការទូត។
សូមបញ្ជាក់ថា គម្រោងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC សាងសង់ និងអភិវឌ្ឍអាកាស យានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ ២ ៦០០ហិចតា ស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រពីភាគខាងត្បូងភ្នំពេញ៕


.jpg?1703232146)

.jpg?1703232181)
