
ព្រះសីហនុ៖ នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣ បរិមាណទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុមានចំនួនប្រមាណជាង៧លានតោន កើនឡើង១១,៣៤% និង ចំណូលអាជីវកម្មសរុបមានចំនួនប្រមាណជាង៨៥លានដុល្លារអាម៉េរិក កើនឡើង២,៧១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ នេះបើតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
បើតាមរបាយការណ៍ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួនសរុបប្រមាណជាង ៧៥ ម៉ឺនTEUs ដោយមានកំណើនជាមធ្យម ១០,៨៣% ក្នុងរយៈពេល១២ឆ្នាំចុងក្រោយ គិតចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២២។
បច្ចុប្បន្ននេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានពង្រីកសមត្ថភាពរបស់ខ្លួនមានដូចជា៖ ការសាងសង់ផែកុងតឺន័រ ជម្រៅទឹក-១១,៥ម៉ែត្រ, ការសាងសង់ចំណតផែពហុបំណងជម្រៅទឹក-១៣,៥ម៉ែត្រ, ការសាងសង់ចំណតមូលដ្ឋានផ្គត់ផ្គង់ភស្តុភារសម្រាប់ការរុករកប្រេង, ការបំពាក់ឧបករណ៍និងមធ្យោបាយលើកដាក់កុងតឺន័រ, ការសាងសង់ទីលានស្តុកកុងតឺន័រ ឃ្លាំងទំនិញ ចំណតរថយន្តដឹកកុងតឺន័រ ចំណតផែច្រាំងទំនិញទូទៅ និងការសាងសង់តំបន់សេដ្ឋកិច្ចពិសេសជាដើម។
ផ្អែកតាមគម្រោងសិក្សាសមិទ្ធិលទ្ធភាព គម្រោងសាងសង់ផែកុងតឺន័រ នឹងប្រែក្លាយសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបច្ចុប្បន្នជាកំពង់ផែអន្តរជាតិខ្នាតតូចឱ្យទៅជាកំពង់ផែអន្តរជាតិខ្នាតធំ ប្រកបដោយភាពប្រកួតប្រជែង ដែលអនុញ្ញាតឱ្យនាវាកុងតឺន័រធុនធំពីគ្រប់តំបន់នៅក្នុងពិភពលោកអាចចូលចតបានដោយងាយស្រួល និងឆាប់រហ័ស៕