Cctime 6monthsfree desktop
Cc times  web banner kh (2)

ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១តម្លៃ២៤៣លានដុល្លារបើកការដ្ឋានជាផ្លូវការ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ព្រះសីហនុ៖ ចំណតផែកុងតឺន័រទឹកជ្រៅ ជំហានទី១ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានតម្លៃសាងសង់ប្រមាណ២៤៣លានដុល្លារអាម៉េរិក មានប្រវែង៣៥០ម៉ែត្រ ជម្រៅទឹកសាងសង់ -១៤,៥ម៉ែត្រ បានបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី២២ធ្នូនេះ។ ចំណតផែថ្មីនេះអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក ៦ម៉ឺនតោន ឬស្មើនឹង៤ពាន់TEUs ដែលមានផ្លូវដឹកជញ្ជូននៅក្នុងតំបន់ប៉ាស៊ីហ្វិក ទៅ-មក កំពុងផែស្វយ័តព្រះសីហនុ។

បើតាមរបាយការណ៍ពីក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងនេះ អនុវត្តការសាងសង់ដោយក្រុមហ៊ុនជប៉ុន តូអា ខបផើរេសិន(TOA Corporation) និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន នីបផន ខូអរ (Nippon Koei) និងក្រុមហ៊ុន Oriental Consultants Global ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន៣៦ខែ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៦។ ចំណតថែទឹកជ្រៅនេះ គ្រោងនឹងចំណាយថវិកាសាងសង់ប្រមាណ២៤៣លានដុល្លារអាម៉េរិក រួមបញ្ចូលទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ពន្ធអាករផ្សេងៗផងដែរ។

ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១នេះ នៅពេលដាក់ឱ្យដំណើរការនឹងអនុញ្ញាតឱ្យនាវាប្រមាណ ៩៣% ក្នុងតំបន់ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបច្ចុប្បន្នមានត្រឹមតែ១៨%ប៉ុណ្ណោះដែលអាចចូលចតបាន ហើយតម្លៃដឹកជញ្ជូនតាមសមុទ្រនឹងអាចកាត់បន្ថយបានប្រមាណ២០០$ក្នុងមួយTEU ដែលតម្លៃនេះគឺនឹងប្រហាក់ប្រហែលជាមួយបណ្តាប្រទេសក្នុងតំបន់។

គួរបញ្ជាក់ថា ចំណតផែកុងតឺន័រទឹកជ្រៅ ជំហានទី១ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានបើកការដ្ឋានសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ចំនួន ០២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណង ពីរដ្ឋាភិបាលនៃប្រទេសជប៉ុន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចម ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង