
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសការអប់រំមុនពេលបម្រើការងារសម្រាប់វិជ្ជាជីវៈសុខាភិបាល ក្នុងគោលដៅបង្កើនការយល់ដឹងបន្ថែម និងលើកកម្ពស់វិស័យសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព។ នេះជាការលើកឡើងរបស់លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលក្នុងពិធីបើកសន្និសីទជាតិ ស្តីពីការអប់រំសម្រាប់វិជ្ជាជីវៈសុខាភិបាលនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។
លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទជាតិ ស្តីពីការអប់រំសម្រាប់វិជ្ជាជីវៈសុខាភិបាល ឆ្នាំ២០២៣ ក្រោមប្រធានបទ”បរិវត្តកម្មការអប់រំវិជ្ជាជីវៈសុខាភិបាល” (Transforming Health Professional Education) ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ នៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២៣។
នាឱកាសនេះ លោកបានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំ និងក្រុមការងារនៃគម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្ត្រីសុខាភិបាល ដែលបានរៀបចំសន្និសីទនេះឡើង ដែលនឹងរួមចំណែកជួយដល់ស្ថាប័នអប់រំក្នុងវិស័យសុខាភិបាល បង្កើនការយល់ដឹងបន្ថែមទៀត ក្នុងការធ្វើកំណែទម្រង់នៃការអប់រំវិជ្ជាជីវៈសុខាភិបាល។ ក្នុងនោះក្រសួងសុខាភិបាលក៏បានផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសការអប់រំមុនពេលបម្រើការងារសម្រាប់វិជ្ជាជីវៈសុខាភិបាលផងដែរ។
លោកសង្ឃឹមយ៉ាងមុតមាំថា សន្និសីទជាតិនេះ នឹងបង្កើតវេទិកាជួបជុំដើម្បីផ្លាស់ប្តូរចំណេះដឹង និងចែករំលែកបទពិសោធន៍ ក៏ដូចជាការពិភាក្សារិះរកវិធីធ្វើឲ្យប្រសើរឡើងសម្រាប់ការអប់រំវិជ្ជាជិវៈសុខាភិបាល ពីវាគ្មិនទាំងក្នុង និងក្រៅប្រទេស ក្នុងការធ្វើបច្ចុប្បន្នភាពលើគោលនយោបាយ សេចក្តីណែនាំ ក្របខណ្ឌ និងបទដ្ឋានគតិយុត្តិនានាដែលទាក់ទងនិងការអប់រំវិជ្ជាជីវៈសុខាភិបាល។
សិក្ខាសាលានេះក៏នឹងផ្តល់ឱកាសដល់អ្នកវិទ្យាសាស្ត្រដែលមានជំនាញអប់រំសុខាភិបាល សាស្ត្រាចារ្យ គ្រូបង្រៀន អ្នកស្រាវជ្រាវក្នុងជំនាញវិទ្យាសាស្ត្រសុខាភិបាល តាមរយៈការជម្រុញកិច្ចសហការ និងការពិភាក្សាគ្នាក្នុងចំណោមអ្នកវិទ្យាសាស្រ្តដែលមានវិជ្ជាជីវៈអប់រំ អ្នកស្រាវជ្រាវ អ្នកបម្រើសេវាសុខាភិបាល និងភាគីពាក់ព័ន្ធដែលនឹងជម្រុញឲ្យមានការកែលម្អជាបន្តបន្តាប់នៅក្នុងវិស័យអប់រំវិជ្ជាជីវៈសុខាភិបាល៕



