Cctimesw1140xh150cm copy

ក្រសួងសុខាភិបាលជំរុញឱ្យមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញអភិវឌ្ឍន៍សេវាព្យាបាលជំងឺដុំមហារីកកុមារ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានគាំទ្រផែនការនិងជំរុញឱ្យមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ អភិវឌ្ឍន៍សេវាព្យាបាលជំងឺដុំមហារីកកុមារ និងរួមគ្នាអនុវត្តផែនការនានាសំដៅអភិវឌ្ឍមន្ទីរពេទ្យ និងវិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឈានទៅរកការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។ នេះជាការលើកឡើងរបស់លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាឱកាសចុះពិនិត្យការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ នាថ្ងៃទី២០ធ្នូនេះ។

លោក ឈាង រ៉ា បានស្នើឱ្យថ្នាក់ដឹកនាំ ជាពិសេសមន្រ្តីសុខាភិបាលត្រូវរៀបចំកិច្ចប្រជុំពិភាក្សាជាបន្ទាន់ជាមួយក្រុមគ្រូពេទ្យឯកទេស ឬក្រុមគ្រូពេទ្យពាក់ព័ន្ធ ក្នុងការស្វែងរករោគវិនិច្ឆ័យឱ្យបានទាន់ពេលវេលា ដើម្បីជួយសង្រ្គោះអាយុជីវិតអ្នកជំងឺឱ្យអស់ពីសមត្ថភាព និងលទ្ធភាព។ បន្ថែមពីនេះ លោកបានណែនាំមន្រ្តីសុខាភិបាលត្រូវចូលរួមថែរក្សាសំណង់អគារ បរិក្ខារវេជ្ជសាស្រ្ត និងបន្តបណ្តុះបណ្តាលធនធានមនុស្សឱ្យមានជំនាញច្បាស់លាស់ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានសង្កត់ធ្ងន់លើការកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេសការសហការក្នុងការទំនាក់ទំនងឱ្យបានល្អរវាងបុគ្គលិកគ្រូពេទ្យ ជាមួយបុគ្គលិកគ្រូពេទ្យ និងអាណាព្យាបាលកុមារដែលជាអ្នកជំងឺមកទទួលសេវា។ ឯកឧត្តមរដ្ឋមន្រ្តី បានគាំទ្រផែនការដែលលើកឡើងដោយ លោកប្រធានមន្ទីរពេទ្យ និងផ្តល់អនុសាសន៍មួយចំនួនដូចជា៖បន្តកិច្ចសហប្រតិបត្តិការបច្ចេកទេស និងបង្រៀនជាមួយមន្ទីរពេទ្យកុមារនៃសាកលវិទ្យាល័យទីក្រុងហ្សុយរិក ប្រទេសស្វីស និងដៃគូបច្ចេកទេសផ្សេងទៀត, អភិវឌ្ឍន៍សេវាព្យាបាលជំងឺដុំមហារីកកុមារ, ផ្តល់ប័ណ្ណ ប.ស.ស. ដល់បុគ្គលិកគ្រប់លំដាប់ថ្នាក់ឱ្យបានគ្រប់ៗគ្នា និងខិតខំរក្សាឱ្យបានក្រមសីលធម៌វិជ្ជាជីវៈ និងគុណភាពថែទាំព្យាបាល។

ជាចុងក្រោយ លោកស្នើសុំឱ្យមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវចេះជួយគ្នា សហការគ្នា សាមគ្គីភាពគ្នា និងត្រូវខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍមន្ទីរពេទ្យ និងវិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឈានទៅរកការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង