681 ezgif.com resize
Swift cc time

ខេត្តកែប ត្រៀមរៀបចំព្រឹត្តិការណ៍កម្សាន្តសប្បាយជាច្រើន ដើម្បីអបអរបុណ្យឆ្លងឆ្នាំថ្មី

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កែប៖ រដ្ឋបាលខេត្តកែប នឹងរៀបចំឲ្យមានព្រឹត្តិការណ៍កំសាន្តសប្បាយជាច្រើនដូចជាកម្មវិធី បង្ហើរខ្លែង អុំទូកផ្កាចារ សមុទ្រ រួមជាមួយនឹងការប្រគុំតន្ត្រី អុជកាំជ្រួច និងបង្ហោះគោម ដើម្បីអបអរសាទរព្រឹត្តិការណ៍ឆ្លងឆ្នាំសកល ឆ្នាំ២០២៣ ឆ្លងចូលឆ្នាំ២០២៤ និង អបអរសាទរខួបលើកទី៤៥ នៃទិវាបុណ្យជាតិជ័យជំនះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៤)។

រដ្ឋបាលខេត្តកែប នឹងរៀបចំឲ្យមានព្រឹត្តិការណ៍កំសាន្តសប្បាយជាច្រើនដូចជាកម្មវិធី ទៅតាមពេលវេលាដូចជា៖ ១. ពិធីបង្ហើរខ្លែងខ្មែរ + នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៧:៣០នាទីព្រឹក ស្ថិតនៅឆ្នេរថ្មី ផ្សារក្តាមខេត្តកែប។ ២.ពិធីអុំទូកផ្កាចារសមុទ - នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៧:៣០នាទីព្រឹក ស្ថិតនៅ ឆ្នេរលេងទឹកខេត្ត។ ៣.ប្រគុំតន្ត្រី អុជកាំជ្រួច និងបង្ហោះគោម + នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៧:០០ នាទីយប់ រហូតដល់ម៉ោង ១២:០០ រំលងអាធ្រាតឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤។

រដ្ឋបាលខេត្ត នឹងរៀបចំពិធីបង្ហើរខ្លែងខ្មែរប្រចាំឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៧:៣០នាទីព្រឹក ស្ថិតនៅឆ្នេរថ្មីផ្សារក្តាមខេត្តកែប។ ការរៀបចំពិធីបង្ហើរខ្លែងខ្មែរនេះ មានគោលបំណងរួមចំណែកថែរក្សា ប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ ដ៏ល្អផូរផង់របស់ជាតិយើង និងជំរុញលើក កម្ពស់វិស័យទេសចរណ៍ខេត្ត ក៏ដូចជាបង្កការសប្បាយរីករាយ ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមក សម្រាកលម្ភៃ កំសាន្តក្នុងខេត្តកែប។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកែបបញ្ជាក់ថា ដើម្បីញ៉ាំងឲ្យកម្មវិធីនេះ ប្រព្រឹត្តិទៅមានភាពអធិកអធម និងសប្បាយរីករាយ សាធារណជនទាំងអស់ ដែលស្រឡាញ់ ចូលចិត្ត និងអ្នកមានទេពកោសល្យធ្វើខ្លែងខ្មែរ អាចយកខ្លែងមកចូលរួមបង្ហើរឲ្យបានច្រើនកុះករ តាមពេលវេលា និងទីកន្លែងដូចបានជម្រាបជូនខាងលើ៕

Khcct banner

អត្ថបទទាក់ទង