កម្ពុជា៖ ប្រព័ន្ធនៃសម្ពាធខ្ពស់នៅលើប្រទេសចិនបង្កើនឥទ្ធិពលជាលំដាប់គ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង។ ស្ថានភាពបែបនេះធ្វើឱ្យកម្ពុជាមានធាតុអាកាសចុះត្រជាក់នៅពេលព្រឹកចាប់ពីថ្ងៃទី២១-២៤ ធ្នូ ។
នៅតំបន់វាលទំនាប មានសីតុណ្ហភាពអប្បបរមាពី១៦-២២°C និងសីតុណ្ហភាពអតិបរមាពី២៨-៣០°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៥-៧ម៉ែត្រ/វិនាទី។ ខណៈខេត្តប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង និងខេត្តសៀមរាប សីតុណ្ហភាពអប្បបរមាពី១៦-១៨°C។
ចំណែកនៅតំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាពី១៥-២១°C និងសីតុណ្ហភាពអតិបរមាពី២៨-៣០°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៦-៨ម៉ែត្រ/វិនាទី។ ខេត្តឧត្តរមានជ័យ មណ្ឌលគិរី ព្រះវិហារ និងខេត្តរតនគិរី សីតុណ្ហភាពអប្បបរមាពី១៥-១៧°C។
នៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី២១-២៣°C និងសីតុណ្ហភាពអតិបរមាពី៣០-៣២°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-២ម៉ែត្រ/វិនាទី។ ខណៈរលកសមុទ្រមានកម្ពស់ពី១,០០-២,០០ម៉ែត្រ៕