Cctime 6monthsfree desktop
Cc times  web banner kh (2)

សម្ដេច​ ហ៊ុន ម៉ាណែត​ ចាត់ទុក«វិស័យធនាគារ»ជាជន្ទុលកំណើនសេដ្ឋកិច្ចជាតិ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ វិស័យធនាគារដើរតួនាទីសំខាន់ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ប្រៀបបានទៅនឹងបេះដូងដែលប្រមូល និងបញ្ចេញឈាម សម្រាប់ចិញ្ចឹមរាង្គកាយមនុស្សដែរ។ វិស័យធនាគារបានជួយសម្រួលដល់ការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋជាច្រើនលាននាក់ ជាពិសេសជួយជំរុញដំណើរប្រព្រឹត្តទៅនៃរដ្ឋាភិបាលអេឡិចត្រូនិក (e-Government) របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ការទូទាត់សេវាកម្មរដ្ឋ និងសាធារណៈជាច្រើន។ នេះជាប្រសាសន៍របស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងពិធីសម្ភោធជាផ្លូវការអគារធនាគារវីងថៅវើ នៅថ្ងៃទី២០ ធ្នូនេះ។

សម្ដេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា វិស័យធនាគារដើរតួនាទីសំខាន់ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ប្រៀបបានទៅនឹងបេះដូងដែលប្រមូល និង បញ្ចេញឈាម សម្រាប់ចិញ្ចឹមរាង្គកាយមនុស្ស ខណៈបច្ចុប្បន្នកម្ពុជាកំពុងមានទំនុកចិត្ត និងភាពជឿជាក់របស់វិនិយោគិនឯកជន និង ក្រុមប្រឹក្សាភិបាលធនាគារ មកលើបរិយាកាសធុរកិច្ច និង ភាពរឹងមាំ និង ភាពធន់របស់វិស័យធនាគារ និង ហិរញ្ញវត្ថុរបស់កម្ពុជា ។

បើតាមសម្ដេច ហ៊ុន ម៉ាណែត ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថល, រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សំដៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ ២០៥០ និងដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤, ការរីកចម្រើនផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសកល ដែលបច្ចេកវិទ្យាឌីជីថលកំពុងដើរតួនាទីស្នូល និងជាចលករសំខាន់គ្របដណ្តប់លើគ្រប់ទិដ្ឋភាពសង្គម-សេដ្ឋកិច្ច, រួមទាំងវិស័យហិរញ្ញវត្ថុ និង ធនាគារ ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្ត «គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨» ដែលមានចក្ខុវិស័យរយៈពេលវែង ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, ការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ ដើម្បីចាប់យកអត្ថប្រយោជន៍ជាអតិបរមាពីបរវិត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ និងលើកកម្ពស់ភាពប្រកួតប្រជែងក្នុងវិស័យធនាគារ។

សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ការចាប់យក និងការសម្របខ្លួនទៅនឹងប្រព័ន្ធឌីជីថលរបស់ធនាគារ មិនត្រឹមតែរួមចំណែកលើកកម្ពស់កម្រិតបរិយាបន្នហិរញ្ញវត្ថុប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងរួមចំណែកដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល និង ការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់កំណើន ប្រកបដោយចីរភាពសម្រាប់ពេលអនាគត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង