
ភ្នំពេញ៖ សរុបរយៈពេល ១១ខែ ឆ្នាំ២០២៣ ចំណូលពន្ធអាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន ជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ១៣ ៥៥៦,០៦ ប៊ីលានរៀល (ប្រមាណជា ៣ ៣៤៧,១៨ លានដុល្លារ) ស្មើនឹង ៩៣,៧១% នផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារកម្ពុជា នៅថ្ងៃទី២០ធ្នូនេះ។
បើតាមរបាយការណ៍ ចំពោះលទ្ធផលប្រមូលពន្ធក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គង់ វិបុល បានបញ្ជាក់បង្ហាញថាចំណូលពន្ធអាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន ជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារមានចំនួន ១ ១៣៤,៥៨ ប៊ីលានរៀល (ប្រមាណជា ២៨០,១៤ លានដុល្លារ) ស្មើនឹង ៧,៨៤%នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
ក្នុងនោះការគ្រប់គ្រងចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក(e-Commerce) សម្រេចបាន ២៧៦,៥២ ប៊ីលានរៀល(ប្រមាណជា៦៨,២៨លានដុល្លារ) ពីសហគ្រាសជាអ្នកជាប់ពន្ធអនិវាសនជនចំនួន៨៣សហគ្រាស(សហគ្រាសផ្គត់ផ្គង់ទំនិញ និង/ឬសេវាអេឡិចត្រូនិកពីបរទេសចូលមកកម្ពុជា)៕