ទីក្រុងតូក្យូ៖ ក្រុមហ៊ុន AEON MALL បានលើកឡើងអំពីគម្រោងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា ខណៈកន្លងមកក្រុមហ៊ុនមួយនេះបានចូលរួមចំណែកបង្កើតឱកាសការងារជាច្រើនកន្លែងសម្រាប់ពលរដ្ឋកម្ពុជា ការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាតាមរយៈការផ្តល់អាហារូបករណ៍ និងការកសាងសាលារៀននៅតាមមូលដ្ឋាន។ គម្រោងពង្រីកការវិនិយោគនេះត្រូវបានធ្វើឡើងនាឱកាសពិភាក្សាការងាររវាងសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយលោក កាដា ម៉ូតូយ៉ា (Okada Motoya) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន AEON MALL នាព្រឹកថ្ងៃទី១៩ធ្នូនេះនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ក្នុងឱកាសនេះ លោក អូកាដា ម៉ូតូយ៉ា បានលើកឡើងអំពីគម្រោងនៃការពង្រីកវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា និងបានសម្តែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈគ្រប់បែបយ៉ាងចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនឱ្យដំណើរការដោយរលូន។
ជាការឆ្លើយតប សម្តេច ហ៊ុន ម៉ាណែត បានអរគុណចំពោះក្រុមហ៊ុន AEON MALL ដែលបានសម្រេចចិត្តបោះទុនវិនិយោគ និងគ្រោងវិនិយោគបន្ថែមនៅកម្ពុជា ព្រមទាំងអរគុណចំពោះការចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាតាមរយៈការផ្តល់អាហារូបករណ៍ និងការកសាងសាលារៀននៅតាមមូលដ្ឋាន។
លើសពីនេះ សម្តេច ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងយកចិត្តទុកដាក់នៅក្នុងការធានានិរន្តរភាពនៃបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងវិនិយោគ តាមរយៈការដាក់ចេញនូវគោលនយោបាយ យន្តការអនុវត្ត និងក្របខ័ណ្ឌគតិយុត្តថ្មីៗ ព្រមជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងឡូជីស្ទីកសំខាន់ៗ ដូចជា ផ្លូវល្បឿនលឿន ផ្លូវដែក និងកំពង់ផែ ជាដើម ដើម្បីជួយសម្រួល និងផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពអនុគ្រោះ និងភាពទាក់ទាញដល់វិនិយោគិន ដែលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ៕