ទីក្រុងតូក្យូ៖ ក្រុមហ៊ុន Toyota Tsusho Corporation នៅថ្ងៃទី១៩ធ្នូនេះ បានស្នើសុំឱ្យសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំទ្បើងរថយន្ត Toyota នាពេលខាងមុខ។ការស្នើសុំនេះ ធ្វើឡើងក្នុងពេលសម្តេច ហ៊ុន ម៉ាណែត ប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនToyotaនៅប្រទេសជប៉ុន។
លោក Ichiro KASHITANI សមាជិកក្រុមប្រឹក្សាភិបាល, ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន Toyota បានថ្លែងកោតសសើរដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានជួយសម្រួលដល់ដំណើរការវិនិយោគរបស់ខ្លួនក្នុងប្រទេសកម្ពុជា និង បានប្រាប់ពីភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនជាដើម។
បើតាមដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន TOYOTA បានសុំការអនុញ្ញាតគោរពអញ្ជើញ សម្តេចនាយករដ្ឋមន្ត្រី ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំទ្បើងរថយន្ត Toyota នាពេលខាងមុខ ខណៈកម្មវិធីគ្រោងនឹងចាប់ផ្តើម អំពីដំណើរការបង្កើតរោងចក្រដំទ្បើងរថយន្ត Toyota នៅក្នុងប្រទេសកម្ពុជា នាពាក់កណ្តាលឆ្នាំ ២០២៤។
សម្តេច ហ៊ុន ម៉ាណែត បានថ្លែងចាត់ទុក ការសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំទ្បើងរថយន្ត Toyota នេះ ស្របពេលទៅនិងឆ្នាំ២០១៤ គឺជាគម្រប់ខួបអនុស្សាវរីយ៍លើកទី៧១ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ដែលនេះជាការសរបញ្ជាក់យ៉ាងប្រត្យក្សច្បាស់អំពីភាពលូតលាស់រីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។
សម្តេចមានការជឿជាក់ថា តាមរយៈដំណើរការនៃរោងចក្រតំទ្បើងរថយន្ត Toyota នឹងនាំមកនូវវឌ្ឍនភាពរីកចម្រើនសម្រាប់ក្រុមហ៊ុន ក៏ដូចជាការបង្កើតឱកាសការងារប្រកបដោយគុណភាព និង ការបណ្តុះបណ្តាលលើកកម្ពស់ថែមទៀតលើជំនាញវិស្វកម្មរថយន្ត សម្រាប់ប្រជាជនកម្ពុជាផងដែរ៕