
កណ្តាល៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា នៅថ្ងៃទី ១៩ ធ្នូនេះ បានដឹកនាំក្រុមការងារចុះពិនិត្យការប្រមូលផលត្រីប្រហុកនៅដាយត្រីលេខ ១៥ ស្ថិតក្នុងភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។ក្នុងដំណើរការចុះពិនិត្យនោះលោករកឃើញថា«ផលត្រី»នៅឆ្នាំ២០២៣នេះ មានការកើនឡើងជាងឆ្នាំមុនប្រមាណ៥% ដោយសារការសហការបង្ការនិងបង្ក្រាបបទល្មើសនេសាទប្រកបដោយភាពម៉ឺងម៉ាត់។
ដូចការគ្រោងទុក ការប្រមូលផលត្រី ដើម្បីធ្វើជាប្រហុកបានចាប់ផ្តើមហើយ តាមទីតាំងដែលក្រសួងបានកំណត់។ការប្រមូលផលត្រីនៅឆ្នាំនេះក៏បានការអញ្ជើញចូលរួមផងដែរពីលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម។ផលត្រីដែលប្រមូលបានជាប្រភេទត្រីប្រហុក ហើយភាគច្រើននៅដើមដៃនេះ ត្រីប្រមាណ ៧០% ជាប្រភេទត្រីស្លឹកឫស្សី ១០%ត្រីឆ្វៀត និង២០%ត្រីចម្រុះ។នេះបើយោងតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម។
បើតាមលោក ឌិត ទីណា បានគូសបញ្ជាក់ថា ក្រសួងបាននិងបន្តចុះពិនិត្យការប្រមូលផលត្រីជារៀងរាល់ឆ្នាំ ហើយក្នុងឆ្នាំនេះ ផលត្រីមានការកើនឡើងជាងឆ្នាំមុនប្រមាណ ៥% ដោយសារការសហការបង្ការ និងបង្ក្រាបបទល្មើសនេសាទប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ និង ប្រកបដោយការទទួលខុសត្រូវខ្ពស់។ក្រៅពីនេះ លោកកំពុងពិនិត្យពីការរៀបចំស្តង់ដានៃការកែច្នៃប្រហុកតាមគោលការណ៍ភូតគាមអនាម័យ (SPS) សម្រាប់ផ្នែកបច្ចេកទេស និង ស្តង់ដាទីផ្សារនាំចេញផងដែរ។
សូមជម្រាបជូនថា រដូវបើកនេសាទគន្លងដាយត្រី ចាប់ផ្ដើមពីខែតុលា ដល់ខែកុម្ភៈ តែផែ្អកលើស្ថានភាពទឹកនៅបឹងទន្លេសាប។ បើគ្មានព្យុះ និងមេឃស្រឡះ គន្លងដាយត្រីអាចប្រមូលផលត្រីបានច្រើនចាប់ពីខែធ្នូ ដល់ខែមករា ហើយជាទូទៅក្នុងពេលខែខ្នើត។ស្ថិតិផលចាប់ការធ្វើអាជីវកម្មនេសាទដាយត្រី កើនឡើង៣ឆ្នាំជាប់គ្នា គិតចាប់ពីឆ្នាំ២០២១មក។ ក្នុងឆ្នាំ២០២១ ផលនេសាទដាយត្រីទទួលបានចំនួន ៨ ៧០០តោន ឆ្នាំ២០២២ទទួលបានផលត្រីចំនួន ១៣ ០០០តោន ហើយនៅឆ្នាំ២០២៣នេះ ផលនេសាទដាយត្រីរំពឹងថានឹងកើនដល់ ១៣ ៦៥០តោន។នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្មកម្ពុជា៕