.jpg?1702960696)
ភ្នំពេញ៖ ការវិនិយោគពីបរទេសពិតជាមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងបានផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា ព្រោះវាជាប្រភពទុនដ៏សំខាន់ ខណៈក្នុងស្រុកមានដើមទុនមិនគ្រប់គ្រាន់ មិនមានបទពិសោធន៍ និងបច្ចេកវិទ្យា ដូច្នេះការវិនិយោគពីបរទេសបាននាំចូលមកនូវបច្ចេកវិទ្យា ដើមទុន និងបច្ចេកទេសនៅក្នុងការផលិតជាច្រើន។ ក្រៅពីនេះ វាបានរួមចំណែកនៅក្នុងការបង្កើតការងារជូនដល់ពលរដ្ឋកម្ពុជា និងបានរួមចំណែកនៅក្នុងការផលិតទំនិញសម្រាប់នាំចេញទៅក្រៅប្រទេសផងដែរ។ នេះជាការលើកឡើងរបស់លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា មកកាន់ស៊ីស៊ីថាមស៍។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានអះអាងថា ចំពោះការវិនិយោគនៅកម្ពុជា ភាគច្រើនឃើញមានមកពីប្រទេសចិន ហើយវិនិយោគច្រើនជាងគេលើវិស័យកាត់ដេរសម្លៀកបំពាក់ ក្រោយមកមានការបង្កើតរោងច្រផលិតគ្រឿងអេឡិចត្រូនិក ការវិនិយោគលើផ្នែកហិរញ្ញវត្ថុ កសិកម្ម និងអចលនទ្រព្យ ក៏ដូចជាការវិនិយោគលើវិស័យសេវាកម្មផងដែរ។
លោកបញ្ជាក់ថា កម្ពុជាអាចទាក់ទាញវិនិយោគិនពីបរទេសបានដោយសារតែការឡើងថ្លៃដើមនៃប្រទេសចិន ការបើកចំហជើងមេឃនៃច្បាប់វិនិយោគថ្មីរបស់កម្ពុជា ការលើកលែងឬអនុគ្រោះពន្ធ និងការរៀបចំខ្លួនរបស់កម្ពុជាដើម្បីទទួលនូវវិនិយោគនេះដូចជាការបណ្តុះបណ្តាលវិជ្ជាជីវៈ ពលកម្មមានជំនាញ គួបផ្សំជាមួយសន្តិភាពរបស់ប្រទេសកម្ពុជាផងដែរ។
គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយបណ្តាប្រទេសនានានៅលើពិភពលោកសម្រេចបានចំនួន ៤៣,៥១៥.៨៦លានដុល្លារអាម៉េរិក ក្នុងរយៈពេល១១ខែឆ្នាំ២០២៣នេះ ធ្លាក់ចុះ ៩.៧៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ក្នុងនោះ កម្ពុជាបានសម្រេចការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិបានចំនួន ២១,២៩២.៤០ លានដុល្លារ កើនឡើង៤.០៨ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ចំណែកការនាំចូលវិញមានចំនួន ២២,២២៣.៤៥ លានដុល្លារអាម៉េរិក ធ្លាក់ចុះ ១៩.៩១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
ក្នុងរយៈពេល១១ខែនេះ ចិននៅតែមានទំហំពាណិជ្ជកម្មជាមួយកម្ពុជាច្រើនជាងគេ គឺមានរហូតដល់ជាង១១ពាន់លានដុល្លារ កើនឡើង ៤.៧២ភាគរយ។ ទំនិញសំខាន់ៗ ដែលកម្ពុជា នាំចេញរួមមាន៖ សម្លៀកបំពាក់ ស្រូវ អង្ករ ស្វាយចន្ទី កៅស៊ូ កង់ ម៉ាស៊ីន ឧបករណ៍អគ្គិសនី គុជខ្យងធម្មជាតិ ឬចិញ្ចឹម ត្បូងថ្ម ស្បែកជើង ស្រោមជើង ផលិតផលធ្វើដំណើរ និងទំនិញផ្សេងៗជាច្រើនទៀត ហើយក្នុងនោះសម្លៀកបំពាក់ និងផលិតផលធ្វើដំណើរត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិច្រើនជាងគេ៕