Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជាស្នើឱ្យអង្គការOTITជំរុញក្រុមហ៊ុនជប៉ុនធំៗបង្កើនការជ្រើសរើសពលករជំនាញពីកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ)

ទីក្រុងតូក្យូ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃរាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យប្រធានអង្គការសម្រាប់ការបណ្តុះបណ្តាលកម្មសិក្សាការី បច្ចេកទេស (OTIT)របស់ជប៉ុន ពិនិត្យមើលលទ្ធភាពបង្កើនការជ្រើសរើសពលករជំនាញរបស់កម្ពុជាបន្ថែមទៀតឱ្យទៅធ្វើការនៅក្នុងប្រទេសជប៉ុន និងបន្តយកចិត្តទុកដាក់កាន់តែខ្លាំងដល់ពលករជំនាញ សិក្ខាកាមរបស់កម្ពុជាដែលកំពុងមានវត្តមាននៅជប៉ុន។ នេះជាសំណើររបស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ ក្នុងកិច្ចពិភាក្សាការងារជាមួយលោក Otani Kodai ប្រធានអង្គការសម្រាប់ការបណ្តុះបណ្តាលកម្មសិក្សាការី បច្ចេកទេស (OTIT) នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

លោក ហេង សួរ ក៏បានស្នើឱ្យអង្គការOTITជួយសម្របសម្រួលជាមួយភាគីពាក់ព័ន្ធចំពោះការបង្រួញពេលវេលារង់ចាំពីភាគីជប៉ុនឱ្យខ្លីជាងមុនខណៈដែលបច្ចុប្បន្នពលករកម្ពុជាម្នាក់ៗជាមធ្យមត្រូវរង់ចាំមិនតិចជាង៤ទៅ៦ខែនោះទេ។ សំខាន់ជាងនេះទៅទៀតក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាលនោះ លោក ហេង សួរ ក៏បានស្នើឱ្យភាគីជប៉ុនពិនិត្យលទ្ធភាពធ្វើយ៉ាងណាអាចសម្រួលឱ្យសិក្ខាកាមខ្មែរដែលកំពុងធ្វើការនៅជប៉ុនស្រាប់ បានផ្លាស់ប្តូរការងារដោយមិនចាំបាច់ធ្វើដំណើរត្រឡប់មកកម្ពុជាវិញបន្ទាប់ពីបម្រើការងារតាមរយៈពេលកំណត់សមស្របណាមួយនោះ។

ដោយឡែកភាគីអង្គការOTITវិញ បានគូសបញ្ជាក់ថា ជប៉ុនកំពុងកែសម្រួលច្បាប់ទទួលពលករបរទេសរបស់ខ្លួនដែលនឹងកាន់តែមានតម្លាភាព និងប្រសិទ្ធិភាពដើម្បីគាំពារពលករបរទេសច្រើនជាងមុន និងប្រសិទ្ធភាពជាងមុន។ បើតាមអង្គការOTIT រាជរដ្ឋាភិបាលជប៉ុន ក៏គ្រោងនឹងប្រើប្រាស់វិធានការច្បាប់តឹងរ៉ឹងចំពោះនិយោជកដែលរំលោភច្បាប់ផងដែរ។

សូមបញ្ជាក់ថា អង្គការOTIT ជាអង្គការរបស់រាជរដ្ឋាភិបាលជប៉ុនដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងយុត្តិធម៌ និងក្រសួងសុខាភិបាល ការងារនិងសុខុមាលភាពជប៉ុន។ អង្គការដែលបង្កើតឡើងតាំងពីឆ្នាំ២០១៧នេះ គឺជាអ្នកផ្តល់សិទ្ធិអនុញ្ញាតឱ្យសមាគម និងក្រុមហ៊ុនវិនិយោគជប៉ុន មានសិទ្ធិបណ្តុះបណ្តាលនិងជ្រើសរើសពលករអន្តរជាតិ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង