Cctime 6monthsfree desktop
Cc times  web banner kh (2)

យុវជនមកពីគ្រួសារក្រីក្រជាង១ម៉ឺននាក់ចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ភ្នំពេញ៖ គិតត្រឹមរយៈពេល១ខែដំបូងនៃការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទទួលបានយុវជនប្រមាណ ១៣ ៥៨៧ នាក់ បានមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈនៅទូទាំងប្រទេស។ នេះជាការបញ្ជាក់របស់លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។

លោក កត្តា អ៊ន បានលើកឡើងថា ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៣នេះ ពោលគឺមានរយៈពេល១ខែគត់នៃការដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិនេះ ក្នុងនោះដែរក្រសួងការងារបានដុតដៃដុតជើងផ្សព្វផ្សាយព័ត៌មាន ចាត់ក្រុមការងារថ្នាក់ក្រសួងចុះមូលដ្ឋានធ្វើយ៉ាងណាគៀងគយុវជនគោលដៅមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះឱ្យបានផុសផុល។

លោកបានបញ្ជាក់ថា ក្នុងចំណោម អ្នកចុះឈ្មោះសរុបប្រមាណ ១៣ ៥៨៧នាក់ (ស្រី ៤ ៧០៤នាក់) ក្នុងនោះ រាជធានីភ្នំពេញចំនួន ៥ ៧០៤នាក់, បាត់ដំបង ១ ៤៨៨នាក់ សៀមរាប ៩៣៣នាក់, ព្រះសីហនុ ៤៨២នាក់, ពោធិ៍សាត់ ៤៧៨នាក់ និងបណ្ដាខេត្តផ្សេងៗចំនួន ៤ ៥០២នាក់ ។ ក្នុងនោះដែរអ្នកចុះឈ្មោះរៀនវគ្គបណ្តុះបណ្តា សំណង់សរុបមានចំនួន ១ ៩១១នាក់, អគ្គិសនី និងថាមពល ៤៩១នាក់, អេឡិចត្រូនិក ៣៥២នាក់, កម្មន្តសាល ៨៥នាក់, មេកានិចទូទៅ/មេកានិចរថយន្ត ២ ០០៤នាក់, ធុរកិច្ច និងព័ត៌មានវិទ្យា ៤ ៤៩០នាក់ , សេវាកម្ម ៧៣០នាក់, បរិក្ខារត្រជាក់ និងកម្តៅ ១ ៩៩៤នាក់, ទេសចរណ៍ ៨២៣នាក់, និងកសិកម្ម និងកសិ-ឧស្សាហកម្ម ៧០៧នាក់។

លោកបន្ថែមថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននឹងកំពុងធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ទ្រង់ទ្រាយធំ ក្នុងនោះដែរការចុះយុទ្ធនាការផ្សព្វផ្សាយតាម សង្កាត់ និងតាមខ្នងផ្ទះនៃគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យបានចំនួន ៥០១លើក ដែលមានអ្នកចូលរួមសរុប ៥០ ៦៤០នាក់។ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥ លាននាក់ គឺជាកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះ ដែលកាលពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣ ថ្មីៗនេះរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តជាផ្លូវការ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង