សៀមរាប៖ ប្រជាពលរដ្ឋខ្មែរជាច្រើនរយនាក់ នៅថ្ងៃទី ១៤ ធ្នូម្សិលមិញ បានសហការគ្នារៀបចំ«ដង្ហែក្បួនព្យុហយាត្រា»ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គរ។ពិធីដ៏មានអត្ថន័យនេះ រៀបចំសហការរវាងអាជ្ញាធរជាតិអប្សរា ក្រុមសិល្បករ សហភាពសហព័ន្ធយុវជនកម្ពុជា សិស្ស-និស្សិត រួមជាមួយវិស័យឯកជន ចំនួនប្រមាណ ៤៥០នាក់។
ពិធីដង្ហែក្បួនព្យុហយាត្រា បានចាប់ផ្តើមពីទីស្នាក់ការអង្គភាពនគរបាលបេតិកភណ្ឌប្រចាំតំបន់អង្គរ ឆ្ពោះមកស្ពានហាលមុខប្រាសាទអង្គរវត្ត ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គរ។ហើយពិធីនេះរៀបចំឡើងចំពេលព្រឹត្តិការណ៍ខួបទី៣១ នៃការដាក់រមណីយដ្ឋានអង្គរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផងដែរ។
អាជ្ញាធរជាតិអប្សរាក្នុងនាមជាអ្នករៀបចំ បានសម្តែងនូវសេចក្តីរីករាយពេលដែលឃើញមានការចូលរួមយ៉ាងច្រើនកោះករពីសំណាក់ ក្រុមសិល្បករ យុវជន និង វិស័យឯកជន ក្នុងព្រឹត្តិការណ៍ខួបទី៣១ នៃការដាក់រមណីយដ្ឋានអង្គរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និង បុណ្យរំលឹកគុណអង្គរ ដើម្បីថ្លែងអំណរគុណដល់បុព្វបុរសដែលបានកសាងមរតកវប្បធម៌ទុកសម្រាប់កូនចៅជំនាន់ក្រោយ។
បើតាមអាជ្ញាធរ បានបង្ហាញក្តីសង្ឃឹមថា ការចូលរួមពីប្រជាពលរដ្ឋនៅពេលនេះ គឺជាករដឹងគុណដល់បុព្វបុរសខ្មែរ ហើយនឹងចូលរួមចំណែកអភិរក្សសម្រាប់កូនចៅជំនាន់ក្រោយបន្តទៀត និង អំណរគុណដល់ក្រុមសិល្បករ យុវជន វិស័យឯកជនទាំងអស់ដែលចំណាយពេលវេលាដ៏មានតម្លៃចូលរួមអបអរសាទរព្រឹត្តិការណ៍ដែលអាជ្ញាធរជាតិអប្សរាប្រារព្ធកម្មវិធីនេះឡើង៕