Cctime 6monthsfree desktop
Cc times  web banner kh (2)

លោកស្រី ឆាយ ស៊ីវលីន៖កម្ពុជានឹងទទួលបានទេសចរច្រើននាឱកាសឆ្លងឆ្នាំខាងមុខនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពជា

ភ្នំពេញ៖ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពជា រំពឹងទទួលបានភ្ញៀវទេសចរយ៉ាងច្រើនកុះករនាឱកាសឆ្លងឆ្នាំខាងមុខ ខណៈបច្ចុប្បន្ននេះ នៅតាមបណ្តារាជធានី-ខេត្តមួយចំនួនកំពុងរៀបចំតុបតែងលម្អ និងការរៀបចំផែនការមួយចំនួនសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកម្សាន្តនៅកម្ពុជាប្រកបដោយភាពសប្បាយរីករាយ និងមានទំនុកចិត្តខ្ពស់។ ការរំពឹងយ៉ាងដូច្នេះ គឺបន្ទាប់ពីកម្ពុជាធ្លាប់ទទួលបានភ្ញៀវទេសចរយ៉ាងច្រើននាឱកាសពិធីបុណ្យអុំទូក និងព្រឹត្តិការណ៍បុណ្យសមុត្រ ដែលធ្វើឱ្យវិស័យទេសចរណ៍កម្ពុជាកាន់តែមានភាពរស់រវើកឡើងវិញបន្តិចម្តងៗ។

លោកស្រី ឆាយ ស៊ីវលីន បានបញ្ជាក់ប្រាប់ស៊ីស៊ីថាមស៍ថា ទាក់ទងទៅនឹងស្ថានភាពទេសចរណ៍នៅកម្ពុជា គឺមានការកើនឡើងជាបន្តបន្ទាប់ ហើយក្នុងនោះទីផ្សារទេសចរណ៍មកពីប្រទេសថៃគឺមានការកើនឡើងឈានមុខគេ បន្ទាប់មកគឺវៀតណាម និងចិនជាដើម។ ទោះជាយ៉ាងណា ស្ថានភាពទេសចររណ៍នៅកម្ពុជានៅតែមានសភាពថមថយ បើធៀបនឹងស្ថានភាពទេសចរណ៍មុនកូវីដ-១៩គឺក្នុងឆ្នាំ២០១៩ ដែលគ្រានោះកម្ពុជាទទួលបានភ្ញៀវទេសចរចិនច្រើនជាងគេ។

លោកស្រីបន្ថែមថា ភ្ញៀវទេសចរមកច្រើនក៏ពិតមែន ប៉ុន្តែការប្រើប្រាស់កញ្ចប់សេវាកម្មទេសចរណ៍នៅតែមានកម្រិតបើប្រៀបធៀបនិងមុនគ្រាវិបត្តិកូវីដ-១៩ គឺមានសភាពថមថយ ព្រោះបច្ចុប្បន្ននេះ ឌីជីថលកាន់តែមានភាពជឿនលឿនដូចនេះភ្ញៀវភាគច្រើនអាចធ្វើការទំនាក់ទំនង ជ្រើសរើស និងកក់ទុកសេវាកម្មទេសចរណ៍ដោយខ្លួនឯង។

ចំពោះអ្នកដំណើរមកម្សាន្តនៅកម្ពុជាតាមផ្លូវគោកគឺមានចំនួនច្រើនរហូតដល់៦០ភាគរយ ហើយ៣៥ភាគរយមកតាមការហោះហើរ។ រីឯបុគ្គលិកទេសចរណ៍ក៏បានចូលមប្រើការងារវិញបានខ្លះក្នុងរង្វង់ជាង៤០ភាគរយ ព្រោះទីតាំងអាជីវកម្មទេសចរណ៍មួយចំនួននៅមិនទាន់បើកដំណើរការច្រើនឡើងវិញដូចគ្នា។

ប្រធានសមាគមរូបនេះសង្កេតឃើញថា សម្រាប់ឱកាសឆ្លងឆ្នាំខាងមុខនេះ នៅតាមខេត្តនីមួយៗបានកំពុងត្រៀមរៀបចំនូវកម្មវិធី ក៏ដូចជាព្រឹត្តិការណ៍សំខាន់ៗ ដូចជាការតាំងស្តង់លក់ដូរបង្ហាញនូវផលិតផលក្នុងស្រុក ការប្រគុំតន្រ្តីសម័យ បុរាណ ការលម្អភ្លើងពណ៌ និងការតុបតែងលម្អជាច្រើនទៀតសម្រាប់អបអរឆ្នាំថ្មី ក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។

លោកស្រីរំពឹងថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរកាន់តែច្រើនតាមរយៈការរៀបចំ ការជំរុញ និងការលើកទឹកចិត្តពីរាជរដ្ឋាភិបាលអាណត្តិថ្មីចំពោះអាជីវកម្ម និងសេវាកម្មទេសចរណ៍ជាច្រើន ដែលធ្វើឱ្យវិស័យទេសចរណ៍នៅកម្ពុជាកាន់តែមានភាពស្រស់បំព្រង ជាពិសេសអាចមានលទ្ធភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តដោយទំនុកចិត្តខ្ពស់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង