
ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ១៤ ធ្នូនេះ បានចេញសេចក្ដីបំភ្លឺបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជាមិនបានផ្តល់ជាគោលការណ៍អនុញ្ញាតឱ្យក្រុមហ៊ុនវៀតណាម Vingroup បើកដំណើរការក្រុមហ៊ុនតាក់ស៊ីដោយប្រើរថយន្តអគ្គិសនីចំនួន ២ ៥០០គ្រឿង នៅដើមឆ្នាំ២០២៤នៅឡើយទេ។ ការបំភ្លឺនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីអ្នកលេងបណ្តាញសង្គមមួយចំនួននៅកម្ពុជាមិនពេញចិត្តនឹងការវិនិយោគរបស់ក្រុមហ៊ុនវៀតណាមនេះ។
យោងតាមសេចក្តីបំភ្លឺ បានគូសបញ្ជាក់ថា បណ្តាញផ្សាយព័ត៌មានបានផ្សាយថា ក្រុមហ៊ុនVingroup របស់វៀតណាមគ្រោងបើកក្រុមហ៊ុនតាក់ស៊ីដោយប្រើរថយន្តអគ្គិសនីចំនួន ២ ៥០០ គ្រឿងនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ព័ត៌មាននេះបានធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គមមួយចំនួន និង បាននាំគ្នាចែកចាយបន្តដែលធ្វើឱ្យសាធារណជនមួយចំនួនយល់ច្រឡំ។
បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងជំនួបពិភាក្សាជាមួយសម្ដេច ហ៊ុន ម៉ាណែត នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ប្រធានក្រុមហ៊ុន Vingroup ពិតជាបានលើកសំណើ និង បានបង្ហាញបំណងចង់មកវិនិយោគបើកក្រុមហ៊ុនតាក់ស៊ីដោយប្រើរថយន្តអគ្គិសនីនៅកម្ពុជាពិតមែន។ ប៉ុន្តែ សំណើរនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនបានផ្តល់គោលការណ៍អនុញ្ញាតតាមសំណើរបស់ក្រុមហ៊ុននោះទេ៕