Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រុមហ៊ុនវៀតណាមនឹងដាក់ឱ្យដំណើរការ«តាក់ស៊ីអគ្គិសនី»ចំនួន២.៥០០គ្រឿងនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រថយន្តរបស់ក្រុមហ៊ុន Vingroup

រដ្ឋធានីហានូយ៖ ក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនរបស់វៀតណាម នឹងដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាកម្មរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនីចំនួន ២.៥០០ គ្រឿង នៅក្នុងខែមីនា ឆ្នាំ២០២៤ ខាងមុខ នៅរាជធានីភ្នំពេញ និងជាបន្តបន្ទាប់ទៀត នៅក្នុងខេត្តសៀមរាប និងខេត្តព្រះសីហនុ។ នេះជាការបញ្ជាក់របស់លោក ង្វៀន វៀតក្វាង (Nguyen Viet Quang) អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន Vingroup នាឱកាសពិភាក្សាការងារជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី១២ធ្នូនេះ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

នាឱកាសនោះ លោក ង្វៀន វៀតក្វាង អគ្គនាយកក្រុមហ៊ុន Vingroup បានជម្រាបជូន សម្តេច ហ៊ុន ម៉ាណែត អំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ជាពិសេសគម្រោងវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ក្នុងវិស័យសេវាកម្មរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនីចំនួន ២.៥០០ គ្រឿង ដែលនឹងដំណើរការជាផ្លូវការនៅក្នុងខែមីនា ឆ្នាំ២០២៤ ខាងមុខ នៅរាជធានីភ្នំពេញ និងជាបន្តបន្ទាប់ទៀត នៅក្នុងខេត្តសៀមរាប និងខេត្តព្រះសីហនុ ។

ជាការឆ្លើយតប សម្តេច ហ៊ុន ម៉ាណែតបានសម្តែងនូវការស្វាគមន៍ និងការវាយតម្លៃខ្ពស់ចំពោះគោលបំណងរបស់ក្រុមហ៊ុន Vingroup ក្នុងការបណ្តាក់ទុនវិនិយោគក្នុងវិស័យសេវាកម្មរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនី នៅក្នុងប្រទេសកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវគោលនយោបាយក្នុងការប្រើប្រាស់នូវថាមពលស្អាត ដែលរួមចំណែកដល់កិច្ចគាំពារ និងថែរក្សាបរិស្ថាន ។

ជាមួយគ្នានេះ សម្តេចក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពវិនិយោគលើការផលិតគ្រឿងបង្គុំ និងគ្រឿងបន្លាស់រថយន្ត នៅក្នុងប្រទេសកម្ពុជា សម្រាប់ការប្រើប្រាស់នៅក្នុងខ្សែច្រវាក់ផលិតកម្មរថយន្តនៅក្នុងប្រទេសវៀតណាម ផងដែរ ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង