អាម៉េរិក៖ ក្នុងបទសម្ភាសជាមួយកាសែត The Wall Street Journal (WSJ) កំពូលតារាសម្តែងល្បីឈ្មោះក្នុងវិស័យហូលីវូដ លោកស្រី Angelina Jolie បានបង្ហើបឲ្យដឹងនាពេលថ្មីៗនេះថា លោកស្រីពិតជាមានគម្រោងចាកចេញពីជីវិតដ៏ធុញថប់បច្ចុប្បន្ន ដោយចង់ចាកពីតំបន់ហូលីវូដ ក្រុង Los Angeles សហរដ្ឋអាម៉េរិក មករស់នៅដ៏សុខស្ងប់ នៅគេហដ្ឋានរបស់ខ្លួន ដែលស្ថិតនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង នៃប្រទេសកម្ពុជា។
តារាស្រីវ័យ៤៨ឆ្នាំ Angelina Jolie តាមរយៈកិច្ចសម្ភាសន៍មួយជាមួយកាសែត The Wall Jtreet Journal នៅក្នុងសប្តាហ៍នេះ បានរៀបរាប់ពីជីវិតដ៏ធុញថប់ នៅហូលីវូដ តំបន់ឧស្សាហកម្មភាពយន្តដ៏ល្បីល្បាញ។ «ខ្ញុំ បានចម្រើនវ័យច្រើនមួយ។ ក្នុងចំណោម ទីកន្លែងនានាលើពិភពលោក ហូលីវូដ មិនមែនជាទីកន្លែង ប្រកបដោយសុខុមាលភាពនោះឡើយ»។
លោកស្រី Angelina Jolie បាននិយាយថា លោកស្រីគឺចង់ចាកចេញពីជីវិតដ៏ធុញថប់ក្នុងទីក្រុង Los Angeles និងមករស់នៅផ្ទះរបស់លោកស្រីនៅអាស៊ីអាគ្នេយ៍វិញ (ផ្ទះនៅខេត្តបាត់ដំបង ប្រទេសកម្ពុជា)។ ក៏ប៉ុន្តែគម្រោងនេះត្រូវបានអូសបន្លាយពេលជាបន្តបន្ទាប់ ដោយសារមានរឿងក្តីក្តាំនៅតុលាការជាមួយអតីតស្វាមី Brad Pitt មិនទាន់ដាច់ស្រេច។ ក្តីក្តាំនៃសំណុំរឿង លែងលះជាមួយ Brad Pitt កាលពី ៧ ឆ្នាំមុន ក៏ជាផ្នែកមួយដែលបាន រុញភាពស្មុគ្រស្មាញក្នុងជីវិតរបស់ Angelina ផងដែរ។ នាពេលនោះ គាត់យល់កាន់តែច្បាស់ពីអត្ថន័យនៃជីវិត ហើយបានប្រើប្រាស់ពេលវេលាដ៏ច្រើន នៅផ្ទះជាមួយកូនៗចិញ្ចឹម និងបង្កើត ទាំង៦នាក់។
សូមជម្រាបថា តារាភាពយន្តដ៏ល្បីល្បាញ Angelina Jolie ទទួលបានសញ្ជាតិខ្មែរកាលពីឆ្នាំ២០០៥ និងបានទិញផ្ទះមួយក្នុងខេត្តបាត់ដំបង ដែលគ្របដណ្តប់លើផ្ទៃដីទំហំ ១៥០.០០០ ម៉ែត្រការ៉េ។ កាលពីឆ្នាំ២០០២ លោកស្រី ក៏បានទទួលយកកូនខ្មែរម្នាក់មានឈ្មោះថា Maddox ទៅចិញ្ចឹម តាំងពីកុមាររូបនោះមានវ័យ៧ខែ ពីមជ្ឈមណ្ឌលកុមារកំព្រា ហើយបច្ចុប្បន្ន Maddox មានវ័យ២២ឆ្នាំហើយ៕