
រដ្ឋធានីហាណូយ៖ កម្ពុជា ស្នើឱ្យភាគីមិត្តវៀតណាមជួយជំរុញការបង្កើតមូលដ្ឋានផលិតកម្មកែច្នៃវត្ថុធាតុដើមដូចជាជ័រកៅស៊ូរជាដើមក្នុងប្រទេសកម្ពុជា ហើយនាំចេញតាមប្រទេសវៀតណាម ជាពិសេសបានស្នើឱ្យវៀតណាមជំរុញវិនិយោគិនខ្លួនមកកម្ពុជា ដើម្បីមកស្វែងរកឱកាសវិនិយោគសំដៅធ្វើយ៉ាងណាតភ្ជាប់ខ្សែច្រវាក់ផលិតកម្មកម្ពុជា-វៀតណាម ដើម្បីរួមគ្នាកែច្នៃនាំចេញទៅកាន់ទីផ្សារតំបន់ និងសកល។ សំណើនេះត្រូវបានធ្វើឡើងនាឱកាសពិភាក្សាការងាររវាងលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) ជាមួយលោកស្រី Nguyen Thi Bich Ngoc អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម នៅសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីរសៀលថ្ងៃទី១១ធ្នូនេះ។
លោកស្រី Nguyen Thi Bich Ngoc បានសំណូមពរឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បន្តកិច្ចសហការល្អជាមួយក្រសួងផែនការ និងវិនិយោគវៀតណាម ដើម្បីជំរុញការវិនិយោគរបស់ប្រទេសយើងទាំងពីរ។
ជាការឆ្លើយតប លោក ជា វុទ្ធី បានបង្ហាញជំហរគាំទ្រប្រសាសន៍របស់លោកជំទាវអនុរដ្ឋមន្ត្រី ដោយបានសំណូមពរភាគីមិត្តរួមគ្នាក្នុងការជំរុញការវិនិយោគបង្កើតខ្សែច្រវាក់តម្លៃក្នុងតំបន់ នៃប្រទេសទាំងពីរ រួមទាំងប្រទេសឡាវផងដែរ។
ក្នុងន័យនេះ លោកបានសំណូមពរឱ្យភាគីមិត្តជួយជំរុញការបង្កើតមូលដ្ឋានផលិតកម្មកែច្នៃវត្ថុធាតុដើមដូចជាជ័រកៅស៊ូរជាដើមក្នុងប្រទេសកម្ពុជាហើយនាំចេញតាមប្រទេសវៀតណាម។ លោកមានទំនុកចិត្តថាកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងផែនការ និងវិនិយោគវៀតណាម នឹងបន្តមានវឌ្ឍនភាពជាលំដាប់ ក្នុងគោលបំណងរួមគ្នាដោះស្រាយបញ្ហាប្រឈម និងកង្វល់របស់វិនិយោគិន ព្រមទាំងចូលរួមអនុវត្តប្រកបដោយប្រសិទ្ធផលនូវខ្លឹមសារដូចមានចែងក្នុងកិច្ចព្រមព្រៀង និងអនុស្សារណៈនៃការយោគយល់គ្នាស្តីពីការជំរុញ និងការការពារវិនិយោគ។
បន្ថែមពីនេះ លោកក៏បានស្នើក្រសួងផែនការ និងវិនិយោគមេត្តាពិនិត្យលទ្ធភាពរុញច្រានវិនិយោគិនវៀតណាមដើម្បីមកស្វែងរកឱកាសវិនិយោគសំដៅធ្វើយ៉ាងណាតភ្ជាប់ខ្សែច្រវាក់ផលិតកម្មកម្ពុជា-វៀតណាម ដើម្បីរួមគ្នាកែច្នៃនាំចេញទៅកាន់ទីផ្សារតំបន់ និងសកល។ លោកជឿជាក់ថាក្រុមការងារបច្ចេកទេសកម្ពុជា-វៀតណាមនឹងបន្តបំពេញភារកិច្ចពាក់ព័ន្ធ សំដៅធានាបាននូវផ្លែផ្កា និងផលជះវិជ្ជមាននៃកិច្ចសហប្រតិបត្តិការមួយនេះ៕
