
រដ្ឋធានីអង់ការ៉ា៖ ផលិតផលខ្មែរជាច្រើនត្រូវបានដាក់តាំងបង្ហាញ និងលក់ នៅក្នុងកម្មវិធីសប្បុរសធម៌ ផ្សារប្រពៃណីរបស់សមាគមសមាជិកសហព័ទ្ធបរទេសនៃក្រសួងការបរទេសតួកគី (DMEDD) Charity Bazaar 2023 កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២៣។ ផលិតផលទាំងនោះរួមមាន៖ ក្រមា អាវយឺតអង្គរ កន្សែងសូត្រ សៀវភៅម្ហូបខ្មែរ "រសជាតិអង្គរ", សៀវភៅផលិតផលនាំចេញ, សៀវភៅទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ធ្វើដោយដៃជាច្រើនទៀត ដើម្បីផ្សព្វផ្សាយវប្បធម៌ ប្រពៃណី ផលិតផលសក្តានុពល ព្រមទាំងទេសចរណ៍របស់កម្ពុជា។
កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២៣ លោកស្រី នួន ផានិត អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគី បានអញ្ជើញចូលរួមក្នុងកម្មវិធីសប្បុរសធម៌ ផ្សារប្រពៃណីរបស់សមាគមសមាជិកសហព័ទ្ធបរទេសនៃក្រសួងការបរទេសតួកគី (DMEDD) Charity Bazaar 2023 ដែលកម្មវិធីនេះ ត្រូវបានប្រារព្ធឡើងនៅសណ្ឋាគារ Sheraton ប្រទេសតួកគី ដោយមានការចូលរួមពីស្ថានទូតបរទេសជាង ៤០ប្រទេស។
ក្នុងព្រឹត្តិការណ៍នេះផងដែរ ផលិតផលខ្មែរជាច្រើនត្រូវបានដាក់តាំងបង្ហាញ និងលក់ រួមមាន៖ ក្រមា អាវយឺតអង្គរ កន្សែងសូត្រ សៀវភៅម្ហូបខ្មែរ "រសជាតិអង្គរ", សៀវភៅផលិតផលនាំចេញ, សៀវភៅទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍ធ្វើដោយដៃជាច្រើនទៀត ដើម្បីផ្សព្វផ្សាយវប្បធម៌ ប្រពៃណី ផលិតផលសក្តានុពល ព្រមទាំងទេសចរណ៍របស់កម្ពុជា។
គួររំលឹកថា DMEDD Bazaar ជាព្រឹត្តិការណ៍អន្តរជាតិមួយ ដែលមានអត្ថន័យយ៉ាងពិសេស ដោយបានប្រមូលផ្តុំនូវវប្បធម៌ផ្សេងៗគ្នា ដើម្បីគាំទ្រដល់វិស័យអប់រំ និងជួយគ្នាទៅវិញទៅមក ហើយដូចរាល់ឆ្នាំ ថវិការដែលបានមកពីការលក់ នឹងត្រូវបរិច្ចាគសម្រាប់ផ្តល់ជូនដល់មូលនិធិអប់រំ អាហារូបករណ៍ និងគម្រោងសប្បុរសធម៌នានារបស់ DMEDD៕




