
ហាណូយ៖សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាកំពុងតែបំពេញទស្សនកិច្ចក្នុងប្រទេសវៀតណាមរយៈពេល២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី ១១-១២ធ្នូ ឆ្នាំ២០២៣។ក្នុងដំណើរទស្សនកិច្ចនៅថ្ងៃនេះ សម្តេចបានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ។លោក ផាម មិញជិញ មានការជឿជាក់ថា សម្តេច ហ៊ុន ម៉ាណែត នឹងកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០។
នៅចំពោះមុខសម្តេច ហ៊ុន ម៉ាណែត លោក ផាម មិញជិញ បានចាត់ទុកដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃ របស់សម្តេច ហ៊ុន ម៉ាណែត នៅក្នុងប្រទេសវៀតណាមនឹងជួយឱ្យទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម នឹងកាន់តែរីកចម្រើនរឹងមាំ ស្របតាមស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុយជ្រោយ និងស្ថិរភាពយូរអង្វែង។
បើតាមលោក ផាម មិញជិញ លោកបានសម្តែងនូវការជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត នឹងជួយកម្ពុជាកាន់តែអភិវឌ្ឍខ្លាំងក្លាទៅមុខបន្ថែមទៀត ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០ និង ២០៥០ជាក់ជាមិនខាន។សម្តេច ហ៊ុន ម៉ាណែត បានអរគុណចំពោះវៀតណាមក្នុងរៀបចំទទួលក្នុងដំណើរទស្សនកិច្ច ហើយប្តេជ្ញាបន្តរក្សាគោលនយោបាយទំនាក់ទំនងកម្ពុជា-វៀតណាមឱ្យកាន់តែល្អក្នុងស្មារតីមិត្តភាពជាប្រពៃណី ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ក៏ដូចជាការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាពហុភាគី។
គួរបញ្ជាក់ថា វៀតណាមគឺជាដៃគូពាណិជ្ជកម្មអន្តរជាតិធំទីបីរបស់កម្ពុជាបន្ទាប់ពី ចិន និង អាម៉េរិក។ ៩ ខែកន្លងទៅ ទំហំពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជា សម្រេចបាន ៤,៧៧ ពាន់លានដុល្លារអាមេរិក កើនឡើង ៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ តម្លៃប្រាក់នាំចេញរបស់កម្ពុជាទៅវៀតណាមសម្រេចបាន ២,០៣៨ពាន់លានដុល្លារ កើនឡើង ៣០,៧% ផលិតផលសំខាន់ៗមួយចំនួនដែលវៀតណាមនាំចេញមកកម្ពុជារួមមានៈ ដែកថែប ជី ប្រេង គ្រឿងម៉ាស៊ីន និងឧបករណ៍”៕