Cctimesw1140xh150cm copy

«សៀវភៅកេរដំណែលស្នាដៃម្ហូបខ្មែរឈ្នះពានរង្វាន់ទូរទស្សន៍ម្ហូបអាហារល្អដាច់គេលើពិភពលោក»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ទីក្រុងរីយ៉ាត៖ សៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ» (The Taste of Angkor) ដែលរៀបចំចងក្រង និងបោះពុម្ពផ្សាយដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាផ្នែកមួយនៃការទូតអាហាររបស់ក្រសួង បានទទួលជ័យលាភីជាថ្មីម្ដងទៀតគឺ «ពានរង្វាន់ទូរទស្សន៍ម្ហូបអាហារល្អដាច់គេលើពិភពលោក»(Best Television Awards in the World)» នៅក្នុងកម្មវិធីប្រកួតពានរង្វាន់សៀវភៅមុខម្ហូបពិភពលោកប្រចាំឆ្នាំនេះ (The Gourmand World Cookbook Awards) ដែលបានប្រារព្ធធ្វើឡើងពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាត ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ហើយកម្មវិធីនេះត្រូវបានរៀបចំឡើងព្រមគ្នានៅក្នុងពិធីបុណ្យអាហារសាអូឌីត (Saudi Feast Food Festival)។

ការឈ្នះជ័យលាភីឆ្នាំនេះ «ពានរង្វាន់ទូរទស្សន៍ម្ហូបអាហារល្អដាច់គេលើពិភពលោក បានឆ្លុះបញ្ចាំងអំពីនយោបាយការបរទេសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិកាអន្តរជាតិ ក្នុងការលើកស្ទួយម្ហូបអាហារខ្មែរដ៏ពិតប្រាកដទៅដល់ពិភពលោក។ ការទទួលបានជ័យលាភីនេះពិតជា មោទនភាព និងកិត្តិយសសម្រាប់ការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការផ្សព្វផ្សាយឱ្យពិភពលោកស្គាល់ និងផ្តល់តម្លៃចំពោះមរតកដ៏មហិមានៃម្ហូបខ្មែរដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ។

«ពានរង្វាន់ទូរទស្សន៍ម្ហូបអាហារល្អដាច់គេលើពិភពលោក» សម្រាប់ឆ្នាំ២០២៣ បានផ្តល់មកឱ្យកម្ពុជាទៅលើវីដេអូឃ្លីបដែលបង្ហាញអំពីការចម្អិនម្ហូបខ្មែរចំនួន៧មុខ និងបង្អែមចំនួន២មុខ ដកស្រង់ចេញពីសៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ»។ វីដេអូឃ្លីបទាំងនេះ ត្រូវបានរៀបចំផលិតដោយវិទ្យាស្ថានជាតិការទូត និង ទំនាក់ទំនងអន្តរជាតិ (NIDIR) នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថត និងចងក្រងចេញពីវគ្គបណ្តុះបណ្តាលការទូតអាហារសម្រាប់មន្ត្រីការទូត និងសហព័ន្ធមន្ត្រីការទូត។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងជាជំនួយដល់ស្ថានបេសកកម្មការទូតកម្ពុជានៅបរទេស ស្វែងយល់ឱ្យកាន់តែច្បាស់ពីសិល្បៈនៃការចម្អិនម្ហូបខ្មែរ និងបង្កើនសមត្ថភាពពន្យល់អំពីប្រវត្តិម្ហូបខ្មែរដល់បរទេស ហើយក៏ជាការចូលរួមប្រកបដោយបុរេសកម្មនៃវិស័យការទូតក្នុងការផ្សព្វផ្សាយពីមុខម្ហូប និងវប្បធម៌ខ្មែរ ទាក់ទាញភ្ញៀវទេសចរបរទេស និងការវិនិយោគ និងការពង្រីកការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារបរទេស។

ការទូតអាហារ គឺជាផ្នែកមួយដ៏សំខាន់នៃអភិក្រមយុទ្ធសាស្រ្តរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចរបស់ក្រសួងដែលបានដាក់ចេញកាលពីឆ្នាំ២០២១។ គោលបំណងនៃយុទ្ធសាស្ត្រនេះ គឺដើម្បីលើកស្ទួយកិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ និងរួមចំណែកជាមួយរាជរដ្ឋាភិបាលឈានទៅសម្រេចនូវចក្ខុវិស័យរបស់កម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២១ និងឆ្នាំ២០២២ កន្លងទៅ សៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ» បានទទួលបានជ័យលាភីជាសៀវភៅមុខម្ហូបអាស៊ីដែលល្អផ្តាច់គេ (The Best Asian Cookbook) និងពានរង្វាន់សៀវភៅមុខម្ហូបសម្រាប់ប្រមុខរដ្ឋ (Best Heads of State/Food) នៅក្នុងកម្មវិធីប្រកួតពានរង្វាន់សៀវភៅមុខម្ហូបពិភពលោកនេះ។ កម្មវិធីប្រកួតពានរង្វាន់សៀវភៅមុខម្ហូបពិភពលោក បានបង្កើតឡើងនៅឆ្នាំ១៩៩៥ ដោយជនជាតិបារាំងលោក Edouard Cointreau ក្នុងគោលបំណងគាំទ្រនូវប្រពៃណីចម្អិនម្ហូបអាហារពីគ្រប់ទិសទីនៃពិភពលោក៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង