
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលពីខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអនុម័តគម្រោងថ្មីចំនួន ២១គម្រោងដែលមានទុនវិនិយោគសរុបប្រមាណជិត ៦១៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត២២ពាន់កន្លែង។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែរួមមាន (១) គម្រោងសាងសង់វារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល អានុភាព ៧០មេហ្គាវ៉ាត់ នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង និងគម្រោងសាងសង់វារីអគ្គិសនីវាលថ្មកំបុត អានុភាព ១០០មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង (២) គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយ៍ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្គាវ៉ាត់ នៅស្រុករំដួល ខេត្តស្វាយរៀង និង (៣) គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ទុនវិនិយោគក្នុងស្រុកគ្របដណ្តប់ ៨២,៩០% នៃទុនវិនិយោគសរុប ខណៈដែលទុនវិនិយោគប្រមាណ ១៧,១០% មានប្រភពមកពីប្រទេសចិន៕