Cc times  web banner kh

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ប្រជុំពិនិត្យដើម្បីឈានដល់ការចុះកុងត្រា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត

ភ្នំពេញ៖ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) នៅថ្ងៃទី ៨ ធ្នូនេះ ត្រូវបានលើកយកទៅពិភាក្សាក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីជម្រុញដំណើរការអនុវត្តគម្រោងនេះ ក៏ដូចជាការស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយដើម្បីឈានទៅដល់ការចុះកិច្ចសន្យា ឬចុះកុងត្រាជាមួយក្រុមហ៊ុន។

កិច្ចប្រជុំគណៈកម្មការអន្តរក្រសួងនេះ ត្រូវបានធ្វើឡើងនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការចូលរួមពីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ក៏ដូចជាតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងមន្រ្តីជំនាញជាច្រើនទៀត។

កិច្ចប្រជុំនេះ ផ្តោតសំខាន់ទៅលើចំណុចសំខាន់ៗដូចជា៖ ការបង្ហាញពីសារបាននៃការសាងសង់ផ្លូវល្បឿនលឿន ទិដ្ឋភាពច្បាប់ ការចរចារទ្វេរភាគី និងការរៀបចំអនុសារណៈយោគយល់គ្នារវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម និងបច្ចេកទេសលម្អិតពីគម្រោង ជាពិសេសលទ្ធផលនៃរបាយការណ៍សិក្សាគម្រោង, ការបង្ហាញពីហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញតភា្ជប់ផ្លូវល្បឿនលឿនពីព្រំដែនកម្ពុជា ទៅព្រំដែនវៀតណាម (បង្គោលព្រំដែនកម្ពុជាលឹន១៦៤) និងការស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានាក្នុងអនុវត្តគម្រោងនេះ ដើម្បីឈានទៅដល់ការចុះកិច្ចសន្យាជាមួយក្រុមហ៊ុន (កុងត្រា)។

គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត មានប្រវែង១៣៥គីឡូម៉ែត្រ និងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) មានប្រវែងប្រមាណ៣គីឡូម៉ែត្រ ត្រូវបានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ “BOT”។

ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងបាវិត គឺជាគម្រោងផ្លូវល្បឿនលឿនទី២ របស់កម្ពុជាដែលសាងសង់មានចម្ងាយ ១៣៨គីឡូម៉ែត្រ ពីខាងកើតទន្លេមេគង្គបូកនឹងស្ពានជាង២គីឡូ ៤គន្លង ទៅ២មក២ ហើយមានកម្ពស់ ៣៧,៥០ម៉ែត្រ។ ផ្លូវនេះត្រូវសាងសង់ជា ៤គន្លង តួផ្លូវមាន ទទឹង២៥,៥ម៉ែត្រ ដែលសាងសង់ក្នុងថវិកាប្រមាណ ១.៦៣៨ពាន់លានដុល្លារ ដែលរួចរាល់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង